ឆ្ងល់អត់? ចេះតែទទួលបានសារប្លែកៗ មានកម្ចីរហ័ស ល្បែងអនឡាញ តើគេស្គាល់លេខយើងតាមណា? តាមពិតគឺមកពីបែបនេះ
ប្រិយមិត្តអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួននៅកម្ពុជា ធ្លាប់បានជួបប្រទះនូវបញ្ហារំខាន ដោយការផ្ញើសារជាភាសាបរទេស ឬ ពាណិជ្ជកម្មកម្ចីរហ័ស ឬ ល្បែងអនឡាញផ្សេងៗជាដើម ទាំងដែលលេខដែលលោកអ្នកប្រើប្រាស់ ពុំធ្លាប់ត្រូវបានគេស្គាល់ និងពុំបានដឹងនោះឡើយថាសារ SMS ទាំងនោះមកពីណា? ហើយពួកគេស្គាល់លេខទូរសព្ទតាមវិធីណា?
ទាក់ទិនទៅនឹងរឿងនេះ នាពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់ថា វាគឺជា Fake BTS មកពីពាក្យពេញគឺ Fake base transceiver station គឺជាឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរសព្ទក្លែងក្លាយ ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ ហើយឧបករណ៍នេះអាចមានសមត្ថភាពកាត់ផ្តាច់សេវាទូរសព្ទដៃ និង ធ្វើឱ្យទូរសព្ទដៃអ្នកប្រើប្រាស់ ចាប់យកស៊ីញ៉ាល់ក្លែងបន្លំ របស់ឧបករណ៍ Fake BTS វិញ។
ឧបករណ៍ Fake BTS វាដំណើរការដោយបង្កើតស៊ីញ៉ាល់ឬសេវាទូរសព្ទដោយខ្លួនឯង ហើយធ្វើការស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត (Mobile IMSI) បន្ទាប់មកគឺ ផ្តាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះ បញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។
Fake BTS ផ្តល់ផលរំខានដូចជា៖
១. រំខានដល់ការប្រើប្រាស់សេវាទូរស័ព្ទចល័ត
២.ការបន្លំផ្ញើសារខ្លី (SMS) ដែលមានផ្ទុកតំណលីង ក្នុងគោលបំណងមានចរិតលក្ខណៈជា SMS Phishing
៣.ងាយរងគ្រោះក្នុងការឆបោក អំពីល្បែងស៊ីសង កម្ចីឯកជនខុសច្បាប់ផ្សេងៗ
៤.ទទួលបានសារខ្លី (SMS) រំខានច្រើន
ជនខិលខូចប្រើប្រាស់ប្រព័ន្ឋនេះ ដើម្បីបន្លំខ្លួនជាស្ថាប័នណាមួយ ឬប្រតិបត្តិករទូរសព្ទចល័ត ឬអាចជាលេខទូរសព្ទទូទៅ តាមរយៈការប្តូរលេខអ្នកផ្ញើ (Sender name modification) រួចផ្ញើសាខ្លីទៅ អ្នកប្រើប្រាស់ ដើម្បីបញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយក្នុងគោលបំណងដូចជាផ្សព្វផ្សាយកម្ចីឯកជន ល្បែងស៊ីសង ឬតំណភ្ជាប់ផ្សេងៗ ដែល អាចអនុញ្ញាតឱ្យជនខិលខូចចូលទៅលួចយកព័ត៌មានផ្សេងៗ និង អាចនាំឱ្យបាត់បង់ផលប្រយោជន៍ណាមួយ៕