ទិដ្ឋភាពពេលយប់មុខព្រះបរមរាជវាំង មានភ្លើងចម្រុះពណ៌ទាក់ភ្នែកណាស់ ត្រៀមសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងរាត្រីឆ្លងឆ្នាំ
នៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ ២០២៤ «សាទរកម្ពុជា» នឹងប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង នៅសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាត្រីឆ្លងឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខ។
ខណៈព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ កាន់តែខិតជិតមកដល់ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំតុបតែងលម្អទីតាំងប្រារព្ធពិធីជិតរួចរាល់ ១០០ ភាគរយហើយ ដើម្បីត្រៀមពិធីដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណ ៣,០០០នាក់ ដែលក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសប្បាយៗ និង ទស្សនីយភាពសិល្បៈជាច្រើនដើម្បីបង្ហាញជូនមហាជនទស្សនា។
មុនរាត្រីឆ្លងឆ្នាំឈានចូលមកដល់ តាមរយៈផេកផ្លូវការរបស់ឯឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហាញទិដ្ឋភាពពេលយប់នៅមុខសួនច្បារព្រះបរមរាជវាំង ឃើញថាមានភ្លើងចម្រុះពណ៌ ជាមួយនឹងការរៀបចំតុបតែងមើលទៅត្រជាក់ភ្នែកខ្លាំងណាស់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងវិថីឆ្លងកាត់ទៅមក ក្រឡេកមើលប្រកបដោយក្ដីអំណរសាទរជាពន់ពេក៕
រូបភាព៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព