រុស្ស៊ី រំពឹងនឹងតេស្តវ៉ាក់សាំងមហារីកលើអ្នកជំងឺនៅឆ្នាំ ២០២៥ មុនដាក់ឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេស
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Alexander Gintsburg ប្រធាននៃវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាត និង អតិសុខុមជីវសាស្ត្រ Gamaleya បានថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន RT ថា អ្នកវិទ្យាសាស្ត្របានបញ្ចប់ការស្រាវជ្រាវលើវ៉ាក់សាំងមហារីកហើយ និង បានបញ្ចប់ការផលិតក្នុងស្រុកទៀត ដោយរំពឹងថានឹងចាប់ផ្ដើមតេស្តលើអ្នកជំងឺនៅឆ្នាំក្រោយនេះ។
ការស្រាវជ្រាវលើវ៉ាក់សាំងថ្មីនេះដែរបានឆ្លងកាត់ដំណាក់កាលជាច្រើន ដោយចាប់ផ្ដើមតាំងពីឆ្នាំ ២០២២ មក ពេលដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថាបច្ចេកវិទ្យារបស់ mRNA ត្រូវបានប្រើប្រាស់ផលិតវ៉ាក់សាំងកូវីដ-១៩ បានមួយចំនួន។
ដោយឡែក ខុសប្លែកពីវ៉ាក់សាំងកូវីដ វ៉ាក់សាំងមហារីកនេះនឹងប្រើប្រាស់ធ្វើជាថ្នាំព្យាបាល និង ដាក់ប្រើប្រាស់លើអ្នកជំងឺម្នាក់ៗដោយផ្ទាល់តែម្ដង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការតេស្តវ៉ាក់សាំងជោគជ័យលើសត្វកណ្ដុរដែលកើតមានជំងឺ melanoma (ប្រភេទជំងឺមហារីកស្បែក)។ បន្ថែមពីនេះ ពួកគេក៏បានធ្វើតេស្តលើជំងឺមហារីកសួតមិនមែនកោសិកាតូច (Non-small cell lung cancer) ដែលជាប្រភេទជំងឺដែលមិនទទួលជោគជ័យលើការព្យាបាលដោយវះកាត់ បាញ់កាំរស្មី ឬ ចាក់គីមីនោះ។ ចំពោះមហារីកលំពែង និង ប្រភេទមហារីកក្រលៀនមួយចំនួនទៀតក៏កំពុងត្រៀមសាកល្បងដូចគ្នា។
គួរបញ្ជាក់ថា វ៉ាក់សាំងមហារីកនេះដែរ រំពឹងថានឹងដាក់តេស្ដលើអ្នកជំងឺក្នុងប្រទេសរុស្ស៊ីនៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយខាងវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Hertsen និង មជ្ឈមណ្ឌលមហារីក Blokhin នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងនេះលើអ្នកជំងឺមួយក្រុមតូច (ដំណាក់កាលសាកល្បងលើមនុស្ស) ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព និង សុវត្ថិភាពរបស់វា។ វ៉ាក់សាំងនេះដែរ នឹងដាក់ចែកចាយឱ្យប្រើប្រាស់ធំទូលាយនៅក្នុងប្រទេសរុស្ស៊ី ក្រោយក្រសួងសុខាភិបាលប្រកាសអនុម័តជាផ្លូវការ៕
ប្រភព៖ Kenh14