ឱ្យតែចេះផ្សំគ្រឿង ដើមទុន ៥០០-៦០០ ដុល្លារ ល្មមបើកលក់បុកល្ហុងខ្នាតតូចយ៉ាងងាយ ឯចំណូលរកបានឈឹបៗ
អ្ន្កណាក៏អាចបើកអាជីវកម្ម ឬ មុខរបររកស៊ីបានដែរ ឱ្យតែមានគម្រោងច្បាស់លាស់ និង ដើមទុនគ្រប់គ្រាន់ ហើយយើងក៏អាចនិយាយបានដែរថា ការបើកអាជីវកម្មក៏មិនមែនកើតចេញពីភាពចៃដន្យដែរ ប៉ុន្តែសម្រាប់អ្នកនាង ម៉ាង វណ្ណជូ ហាក់ជាភាពចៃដន្យមួយដែលធ្វើឱ្យអ្នកស្រីឈានដល់ការបើកអាជីកម្មខ្នាតតូចមួយឡើង ។
អ្នកនាង ម៉ាង វណ្ណជូ និង គ្រួសារ បានសម្រេចបើកអាជីវកម្មខ្នាតតូចមួយ គឺលក់បុកល្ហុងដែលមានរសជាតិពិសេសម្យ៉ាង ។ ដំបូងឡើយអ្នកនាងមិនបានគិតដល់ការបើកលក់បែបនេះទេ ដោយអ្នកនាងគ្រាន់តែធ្វើសម្រាប់ញ៉ាំលេងក្នុងគ្រួសារ និង ឱ្យមិត្តភក្តិម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែដោយសារតែអ្នកនាងមានស្នាដៃធ្វើទៅឆ្ងាញ់ ហើយមានរសជាតិដិតគួរឱ្យចង់ទទួលទាននោះ អ្នកនាង ម៉ាង វណ្ណជូ ក៏ទទួលបានការជំរុញពីគ្រួសារ មិត្តភក្តិ ឱ្យបើកលក់ ទើបអ្នកនាង និង ស្វាមីសម្រេចបានបោះទុនមួយចំនួន ដើម្បីទិញសម្ភារ និង គ្រឿងផ្សំសម្រាប់ធ្វើបុកល្ហុងនេះដាក់លក់តែម្តង ។
អ្នកនាង ម៉ាង វណ្ណជូ បានដាក់លក់បុកល្ហុងរសជាតិថ្មីរបស់ខ្លួន ដោយដាក់ឈ្មោះថា បុកល្ហុង ភូមិខ្វា ។ បើកលក់មិនបានប៉ុន្មានផង បុកល្ហុងរបស់អ្នកនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើន ទាំងអ្នកនៅក្បែរខាងនោះ និង អ្នកធ្វើដំណើរឆ្លងកាត់ ព្រោះតែបុកល្ហុងរបស់អ្នកនាងល្បីមានរសជាតិឆ្ងាញ់ដិតជាប់មាត់ ។ អ្នកនាង ម៉ាង វណ្ណជូ មិនត្រឹមមានលក់តែបុកល្ហុងក្តាមប្រៃមួយមុខប៉ុណ្ណោះទេ អ្នកនាងក៏នៅមានលក់ដូចជា បុកល្ហុងក្តាមសេះស្រស់ បុកល្ហុងងាវ បុកល្ហុងបង្គា និង ពិសេសនោះគឺ ភ្លាក្តាមសេះស្រស់ៗដែលមានឱជារសឆ្ងាញ់ និង ញ៉ាំហើយញ៉ាមចង់ញ៉ាំទៀតផង ។
សម្រាប់អ្នកមានចំណូលចិត្ត និង ចង់ទទួលទានរសជាតិបុកល្ហុងថ្មីដិតឆ្ងាញ់ជាប់មាត់ របស់អ្នកនាង ម៉ាង វណ្ណជូ អាចទៅបាន ដោយអ្នកនាងចាប់បើកលក់ពីម៉ោង ២ រសៀល រហូតម៉ោង ៨ យប់ នៅទីតាំងភូមិខ្វា ផ្លូវសាលាកសិកម្ម សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ម្តុំសាលាកសិកម្មចំការដូង ជាប់សាលាអន្តរជាតិប្រាយថាម ច្រកចូលបុរីគៀងហ៊ត ចំការដូង) នោះលោកអ្នកនឹងឃើញរទះរុញខ្នាតតូចមួយ ដែលបញ្ឈរនៅលើបណ្តាយផ្លូវនៅទីនោះ និង ឃើញអ្នកស្រី ម៉ាង វណ្ណជូ កំពុងឈរលក់មិនខាន ឬ អាចទាក់ទងបានតាមទូរស័ព្ទលេខ ០10 456 909 / 092 456 909 ៕