ស្លៀកឈុតកូនក្រមុំថតសំអាងការ ពេជ្រ សូលីកា បង្ហើបខ្លីពីអនាគតនៅឆ្នាំក្រោយ ធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំង
ក្រោយពីស្ពាយឈ្មោះជាអ្នកមេម៉ាយវ័យក្មេងមក តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានបីបាច់ចិញ្ចឹមមើលថែកូនប្រុសដោយផ្ទាល់ដៃ ដោយនាងប្រឹងប្រែងធ្វើជាអ្នកម៉ាក់ដ៏រឹងមាំ ធ្វើការរកស៊ីចឹញ្ចឹមកូនប្រុស និង ប្អូនស្រីយ៉ាងល្អ។
មួយរយៈចុងក្រោយនេះ ចំពោះការងារសិល្បៈ ឃើញថាតារាចម្រៀងស្រីរូបនេះ ហាក់មានការងារមមាញឹកច្រើន ដែលមានសន្ទុះទីផ្សារសិល្បៈខ្លាំង ទទួលបានការអញ្ចើញចូលកម្មវិធី និង ច្រៀងតាមបណ្ដា Pub ផ្សេងៗជាច្រើន។
ក្រៅពីទទួលបានការចាប់អារម្មណ៍សរសើរលើការងារសិល្បៈ អ្នកម៉ាក់ស៊ីវីល័យ ពេជ្រ សូលីកា តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីរូបសម្រស់របស់នាង បើទោះជាក្លាយជាអ្នកម៉ាក់កូន ១ ហើយមែន ប៉ុន្តែរូបសម្រស់របស់នាង ទាំងមុខមាត់ រូបរាងនៅតែខ្ញង់ស្អាតដដែល។
បើនិយាយពីជីវិតស្នេហាវិញ ក្រោយស្ពាយឈ្មោះជាអ្នកមេម៉ាយកូន ១ ជាង ២ ឆ្នាំមកនេះ ពេជ្រ សូលីកា ក៏មិនទាន់ឃើញបង្ហាញម្ចាស់បេះដូងថ្មី និង ចាប់ផ្ដើមជីវិតគូម្ដងទៀតជាមួយនឹងបុរសរូបណាឡើយ ដោយឃើញតែផ្ដោតលើការងារសិល្បៈ និង មើលថែកូនប្រុស ព្រមទាំងប្អូនស្រីជាទីស្រឡាញ់។
ដោយឡែក ថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជុំវិញរឿងជីវិតឯកជនរបស់នាង ខណៈបានឃើញនាងបង្ហោះរូបភាពក្នុងឈុតកូនក្រមុំដែលបានថតសំអាងការ រួចពោលថាឆ្នាំក្រោយរកគិតគូរដែរ ហាក់ចង់បង្ហើបពីដំណឹងល្អដែលនាងចាប់ផ្ដើមបើកបេះដូង និង សាងជីវិតគូជាថ្មីម្ដងទៀត៕