សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើតយុទ្ធនាការ “ឈាមខ្ញុំ” ដើម្បីស្វែងរកវីរជនចូលរួមសង្គ្រោះជីវិត
“ឈាមខ្ញុំ” ជាយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីអបអរទិវាបរិច្ចាគឈាម ដែលនឹងរៀបចំនៅវិមានកាណាឌីយ៉ា ថ្ងៃទី ១១ មិថុនា ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ ថ្ងៃត្រង់ ។
មោទកភាព “ឈាមខ្ញុំ” ជាខ្លឹមសារនៃយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលរៀបចំឡើងដើម្បីលើកទឹកចិត្តឱ្យបុគ្គលិក និង សាធារណជនចូលរួមបរិច្ចាគឈាមដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះឈាមសង្គ្រោះជីវិត ដែលតម្រូវការឈាមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរាប់ម៉ឺនប្លោក ។
ឈាមគួរតែលះបង់ក្នុងបុព្វហេតុការពារទឹកដី លើកមុខមាត់ប្រទេសជាតិ ថែកេរដូនតា បង្កើតជីវិត និងសង្គ្រោះជីវិតដែលទង្វើទាំងនេះពិតជាផ្តល់មោទនភាពចំពោះខ្លួនឯង គ្រួសារ និង ប្រទេសជាតិ ។ ដើម្បីដាស់ស្មារតីសាធារណជនទាំងអស់ឱ្យជ្រាបច្បាស់អំពីតម្លៃនៃឈាម យើងក៏បានបង្កើតជារូបភាពផ្សព្វផ្សាយដែលមានរូបតំណាងជាមួយអត្ថន័យខាងក្រោម ៖
- កងយោធាកំពុងត្រូវរបួស ។ យើងចង់បង្ហាញថា ពួកគាត់ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រទេស និង សេចក្តីសុខរបស់គ្រួសារកម្ពុជា ។
- កីឡាករគុនខ្មែរប្រយុទ្ធតតាំងបែកឈាមពេញមុខ និង ខ្លួន ។ រូបនេះចង់បង្ហាញថា ពួកគាត់តស៊ូទោះបីបែកឈាមក្តី ក៏គាត់នៅតែបន្ត ព្រោះដើម្បីថែកេរដូនតា និងកសាងមុខមាត់ជូនប្រទេសជាតិ ។
- ម្តាយសម្រាលកូន ។ ម្តាយគ្រប់រូបមិនត្រឹមព្រមស្ម័គ្រទទួលលំបាកពេលពពោះកូននោះទេ តែអ្នកម្តាយគ្រប់រូបហ៊ានប្រថុយជីវិត និង លះបង់ឈាមទាំងថ្លុកដើម្បីផ្តល់កំណើតឱ្យកូន ។
ស្របនឹងនេះផងដែរ យើងក៏បានភ្ជាប់មកជាមួយនូវរូបមួយទៀតដែលជារូបតំណាងឱ្យយើងគ្រប់គ្នាដែលកំពុងបរិច្ចាគឈាម ។ អត្ថន័យរូបនេះ ចង់បង្ហាញ និង ជំរុញឱ្យយើងគ្រប់គ្នាថា ទោះបីយើងអាចមិនមែនជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលមានភារកិច្ចក្នុងការតតាំងដើម្បីការពារទឹកដី តស៊ូថែកេរ ឬ ផ្តល់ជីវិតក្តី តែយើងនៅតែអាចក្លាយជាវីរជន ដែលអាចជួយសង្គ្រោះជិវិតខ្មែរដទៃទៀតផងដែរតាមរយៈការបរិច្ចាគឈាម ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះបង្កើតឡើងដោយសហការចូលរួមរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលនឹងរៀបចំនៅថ្ងៃទី ១១ មិថុនា ២០១៩ នៅវិមានកាណាឌីយ៉ា ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ព្រឹក ។ ដើម្បីចុះឈ្មោះ សូមទំនាក់ទំនង ៖ ១៨០០ ២១២២ (ឥតគិតថ្លៃ) | ហ្វេសប៊ុក Sovannaphum Life (https://www.facebook.com/sovannaphumlifecambodia/?ref=bookmarks) ឬ មកចុះឈ្មោះនៅថ្ងៃបរិច្ចាគឈាមផ្ទាល់ក៏បាន ។
អំពីក្រុមហ៊ុន៖
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អីុនវេសមេន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ៕