បើស្មាតហ្វូន Huawei ប្រើ Facebook ឬ Google លែងបាន ក្រុមហ៊ុន Yako នឹងសងពេញថ្លៃ !
ភ្នំពេញ ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ នៅHard Rock Café ដើម្បីឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗពីផលិតផល Huawei ។
លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា “ប្រសិនបើស្មាតហ្វូន ឬ ថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់ និង ម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវចំពោះអតិថិជន ។ ប្រសិនបើ បន្ទាប់ពីការត្រួតពិនិត្យ ឬ ការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូន ឬ ថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូន ឬ ថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន” ។
សេចក្តីថ្លែងការណ៍នេះ ហាក់បីដូចជាធ្វើឱ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និង មិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូន ឬ ថេកប្លេត Huawei ។ ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង ១២ ឆ្នាំមកហើយ ។ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឲ្យប្រាកដថា ពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល Huawei ដោយមានការពេញចិត្ត និង តែងតែផ្តល់សេវាកម្មនានាបន្ទាប់ពីការលក់ជូនអតិថិជន ។
ប្រសិនបើអ្នក ឬ មិត្តភក្តិរបស់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន ឬ ថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាចយកស្មាតហ្វូន ឬ ថេបប្លេតនោះ ទៅហាងទូរស័ព្ទដែលអ្នកបានទិញ ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួតពិនិត្យ និង ផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា ។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឱ្យសោះថា ស្មាតហ្វូន ឬ ថេបប្លេតរបស់អ្នកនឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម ៕