គ្មានញញើតអីបន្តិច ! ម៉ាក សែនសូនីតា ឱបថើបពស់ធំស្តែងៗ មើលហើយព្រឺខ្លួនខ្ញាកៗ
ពិតជាក្លាហានខ្លាំងណាស់ ! ឃើញរាងតូចស្រឡូនល្វតល្វន់អ៊ីចឹងទេ តែកញ្ញា ម៉ាក សែនសូនីតា ឬ ហៅតាមឈ្មោះកំពុងល្បី នាងរាជិនី ក្នុងរឿង «កូនពស់កេងកង» នោះ ពិតជាចិត្តហានក្លាមិនតូចដូចមាឌឡើយ ។
តាមរយៈខ្សែភាពយន្តភាគកំពុងល្បីពេញប្រទេសរឿង «កូនពស់កេងកង» ដែលមានកញ្ញា ម៉ាក សែនសូនីតា ដើរតួជា នាងរាជិនី នោះបានមកដល់ឈុតឆាកដ៏សំខាន់ក្នុងផ្ទៃរឿងទាំងមូលដែល ទស្សនិកជនក៏បានធ្លាប់ជ្រាបរួចមកហើយតាមការទស្សនាជារឿងដុំពីមុនៗមកនោះ គឺឈុតឆាក នាងរាជិនី ស្នេហារួមមេត្រីជាមួយសត្វពស់កេងកង ដ៏ធំមហិមាគួរឱ្យព្រឺព្រួច ។ ហើយពិតជាអស្ចារ្យ និង អត់សរសើរមិនបានចំពោះ នាងរាជិនី ២០១៩ របស់ទូរទស្សន៍ហង្សមាស ដែលបានធ្វើឱ្យអ្នកទស្សនាចំហមាត់ព្រឺសម្បុរមិនស្ទើរទេចំពោះឈុតឆាកដ៏ពិសេសមួយនេះ ។
កញ្ញា ម៉ាក សែនសូនីតា បានបញ្ជាក់ប្រាប់ថា នេះគឺជាឈុតឆាកដ៏ពិសេសមួយដែលនាង និង ក្រុមផលិតរបស់ទូរទស្សន៍ហង្សមាសខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ និង ជំនះរាល់ភាពភ័យខ្លាច ។ កញ្ញាបានបន្តថា វាពិតជាពិបាកខ្លាំងបំផុត ពិបាកជាងការសម្តែងកន្លងមកណាៗទាំងអស់ ព្រោះនាងខ្ញុំត្រូវឱ្យពស់ដ៏ធំជាងខ្លួននាងខ្ញុំទៅទៀត វារទៅវារមកលើខ្លួន ហើយខ្ញុំត្រូវឱប ត្រូវថើប សម្តែងទឹកមុខស្នេហាជាមួយសត្វដែលនាងខ្ញុំសែនខ្លាច… ។
ពេលនេះរឿងភាគខ្មែរ «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស បានចូលមកដល់ភាគទី ៩៤ ហើយសម្រាប់រាត្រីនេះដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ និង នៅលើប៉ុស្តិ៍រស្មីហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ១២ ថ្ងៃត្រង់ ។ សូមទស្សនាវីដេអូខាងក្រោម ៖