ការសាកល្បងបណ្តាញ 5G SA របស់ក្រុមហ៊ុនឃីងថេល (Kingtel) VoNR ដំបូងគេនៅកម្ពុជា
ក្រុមហ៊ុនឃីងថេលខមម្ញូនីខេសិនលីមីធីត (Kingtel Communications Limited) បានធ្វើការសាកល្បងបណ្តាញ 5G SA នៅឯមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ជាតំណាងឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ។
ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជាលោកស្រី Jannifer Yang ប្រធានក្រុមហ៊ុនឃីងថេល (Kingtel) លោក Shi Feng ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឃីងថេល (Kingtel) ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនឃីងថេល (Kingtel),ដៃគូរអាជីវកម្ម,ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិអ្នកសារព័ត៌មានព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានាក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរក្រោមប្រធានបទ “នេះជាអនាគត” ។
លោក Shi Feng ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនឃីងថេល (Kingtel) បានមានប្រសាសន៍ថា ការសាកល្បងបណ្តាញ 5G SA នេះគឺជាកំណត់ត្រាថ្មីមួយទៀតបន្ទាប់ពីក្រុមហ៊ុនឃីងថេល (Kingtel) បានដាក់អោយដំណើការប្រព័ន្ធ 4G LTE និង មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនកាលពីឆ្នាំ ២០១៦ ។ សព្វថ្ងៃក្រុមហ៊ុនឃីងថេល(Kingtel) កំពុងតែបំរើសេវាកម្មអ៊ីនធើណិត 4G LTE និង ខ្សែកាបអុបទិកដល់អ្នកប្រើប្រាស់ជាលក្ខណៈឯកជនក្រុមគ្រួសារនិងបណ្តាសហគ្រាសឬអាជីវកម្មនៅទីក្រុងភ្នំពេញសៀមរាបព្រះសីហនុបាត់ដំបងបាវិតនិងប៉ោយប៉ែត ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនឃីងថេល (Kingtel) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍនិងតំឡើងស្ថានីយ៍សេវា 5G នៅកម្ពុជា ។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនឃីងថេល (Kingtel) នឹងដំឡើងស្ថានីយ៍សេវា 5G ប្រមាណ ៦៥០ កន្លែង ហើយក្រុមហ៊ុននឹងសាងសង់ស្ថានីយ៍សេវា 5G ចំនួន ១២០០ កន្លែងបន្ថែមទៀតក្នុងឆ្នាំ ២០២១ នៅក្នុងទីក្រុងភ្នំពេញសៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម ក្រុងបាវិត ទីប្រជុំជន និង តំបន់ដែលមានសក្តានុពលជាច្រើនទៀតពាសពេញប្រទេសកម្ពុជា ។ នៅពេលនោះស្ថានីយ៍សេវា 4G LTE បច្ចុប្បន្នទាំងអស់នឹងត្រូវផ្លាស់ប្តូរទៅតំបន់ជនបទស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យមានការប្រើប្រាស់អ៊ីនធើណិតបន្ថែមទៀតនៅតាមទីតំបន់ជនបទទាំងនោះ ។
លោកស្រី Jennifer Yang ប្រធានក្រុមហ៊ុនឃីងថេល (Kingtel) បានមានប្រសាសន៍នៅក្នុងពិធីធ្វើតេស្តិ៍សាកល្បងបណ្តាញ 5G SA ថា ក្រុមហ៊ុនឃីងថេល(Kingtel) ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅប្រទេសកម្ពុជា ដែលអាចផ្តល់បច្ចេកវិទ្យាឈានមុខគេជាលើកដំបូងសម្រាប់សេវាជាសំឡេងតាមប្រព័ន្វ 5G SA (VoNR – Voice over New Radio) ក្នុងយុគសម័យថ្មីនៃបណ្តាញ 5G SA មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។សេវា 5G របស់ក្រុមហ៊ុនឃីងថេល (Kingtel) អាចគ្រប់ដណ្តប់បានខ្លាំងល្អបើប្រៀបធៀបទៅនឹងប្រតិបត្តិករផ្សេងៗទៀត ។ បណ្តាញសេវា 5G របស់ឃីងថេល (Kingtel) ចំនួនតែ ១ សែល (one cell) អាចមានសេវាគ្របដណ្ដប់ក្នុងអាគារបានទាំងមូលខណៈដែលក្រុមហ៊ុនផ្តល់សេវា 5G ផ្សេងទៀតអាចគ្របដណ្ដប់បានតែផ្នែកណាមួយនៃអគារប៉ុណ្ណោះ ។
នៅប្រទេសកម្ពុជាមានតែឃីងថេល (Kingtel) ប៉ុណ្ណោះដែលអាចផ្តល់ជូនសេវាជាលក្ខណៈ E2E 4K HD ដោយផ្អែកលើបណ្តាញ Kingtel 5G SA និង ប្រព័ន្ធសេវាOTT ។ ឃីងថេល (Kingtel) គ្រោងនឹងសាងសង់ស្ថានីយិ៍សេវា 5G ចំនួន ៦៥០ កន្លែង ដើម្បីផ្តល់សេវាគ្របដណ្តប់នៅក្នុងទីក្រុង និង ទីប្រជុំជននានារួមមានទាំងផ្លូវជាតិសំខាន់ៗសំរាប់គម្រោង 5G ដំណាក់ទី ១ នៅឆមាសទី ២ នៃឆ្នាំ ២០២០ ហើយមានបំណងបើកដាក់អោយមានការប្រើប្រាស់បណ្តាញ 5GSA ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន 5G ដល់ប្រជាជនកម្ពុជាទាំងអស់នាពេលអនាគតឆាប់ៗនេះ ។ លោកស្រីប្រធានក្រុមហ៊ុនឃីងថេល (Kingtel) មានជំនឿជឿជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសដោយមានការណែនាំជាគោលការណ៍ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និង និយ័តករទូរគមនាគមន៍កម្ពុជាការដាក់អោយប្រើប្រាស់សេវាកម្ម5G របស់ ឃីងថេល (Kingtel) នឹងទទួលបានជោគជ័យជាក់ជាមិនខាន ។
ឯកឧត្តម អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា បានលើកឡើងថា ក្រុមហ៊ុនឃីងថេលខមម្ញូនីខេសិនលីមីធីត (Kingtel Communications Limited) បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ជាមួយនឹងភាពខ្លាំងនៃប្រព័ន្ធ 4G LTE ហើយវាមិនយឺតពេលនោះទេក្នុងការចូលទៅក្នុងទីផ្សារទូរគមនាគមន៏កម្ពុជានេះ ។ ថ្ងៃនេះក្រុមហ៊ុនឃីងថេល (Kingtel) គឺជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករទូរស័ព្ទផ្សេងៗទៀតដែលបានបង្ហាញការសាកល្បងបណ្តាញ 5G នៅក្នុងប្រទេសកម្ពុជា ។
ប្រជាជនកម្ពុជាស្ទើរតែ ១០០% បានចុះឈ្មោះប្រើប្រាស់សេវាកម្មអ៊ីនធើណិតតាមទូរស័ព្ទចល័តស្មើរនឹងចំនួនអ្នកប្រើប្រាស់ប្រមាណជា ១៦ លាននាក់ហើយទិន្នន័យនេះគឺព័ត៌មានល្អសម្រាប់បណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងឡាយ ។ លោកសង្ឃឹមថាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នឹងមានប្រព័ន្ធ 5G ពិតប្រាកដ ដើម្បីដាក់អោយប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មឆាប់ៗនេះដើម្បីផ្តល់សេវាកម្មអោយកាន់តែប្រសើរឡើងទៅដល់អ្នកប្រើប្រាស់ទាំងឡាយបន្ទាប់ពីទទួលបាននូវគោលនយោបាយបទបញ្ជា និង ការអនុញ្ញាតយ៉ាងច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជា ។ សេវា 5G គឺជាការឆ្លើយតបចំពោះយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលអាណត្តិទី ៥ នៃរដ្ឋសភាជាតិ ។ ការផ្តល់ជូនសេវាកម្មទាំងឡាយតាមរយៈប្រព័ន្ធ 5G នឹងជួយពន្លឿនប្រទេសកម្ពុជាអោយឈានទៅដល់សេដ្ឋកិច្ចឌីជីថល ដើម្បីឆ្ពោះទៅរកឧស្សាហកម្ម ៤.០ ។
បច្ចុប្បន្នក្រុមហ៊ុនឃីងថេល (Kingtel) កំពុងផ្តល់ជូននូវបណ្តាញអ៊ីនធើណិត 4G LTE និង ខ្សែកាបអុបទិកជាមួយនឹងកញ្ចប់ដែលមានតំលៃសមរម្យបំផុតសម្រាប់បណ្តាសហគ្រាសឬអាជីវកម្មក្រុមគ្រួសារ និង អតិថិជនបុគ្គល ។ ក្រុមហ៊ុនឃីងថេល (Kingtel) កំពុងនាំមកនូវបច្ចេកវិទ្យា 5G SA មកកាន់កម្ពុជាស្របតាមការលើកទឹកចិត្តពីសំណាករាជរដ្ឋាភិបាលកម្ពុជាដែលថាវិស័យឯកជនក្នុងឧស្សាហកម្មទូរគមនាគមន៍គួរតែនាំមកនូវបច្ចេកវិទ្យាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រជាជន និង សហគ្រាសដែលមានបំណងចង់មានដំណោះស្រាយល្អប្រសើរសម្រាប់ការរស់នៅក្នុងឧស្សាហកម្មឌីជីថល ៤.០ ៕