វត្តមានម៉ូតូកង់បី Bajaj RE ជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា
ដោយស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ ប្រឈមនឹងការកកស្ទះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទើបសេវាដឹកជញ្ជូនដូចជារថយន្តក្រុងសាធារណៈ ម៉ូតូឌុប រួមទាំងម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) ទទួលបានការគាំទ្រច្រើនពីប្រជាជនសព្វថ្ងៃនេះ ។
ជាមួយនឹងភាពរីករាយជូនអ្នកដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត អ្នករត់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) លោក លឹម សៅដារ៉ា ក្នុងវ័យ ៣៨ ឆ្នាំ កំពុងបើកបរជូនភ្ញៀវទៅទិសដៅផ្សេងៗគ្នាយ៉ាងប្រុងប្រយ័ត្ននៅលើផ្លូវ ។ បន្ទាប់ពីដាក់ភ្ញៀវនៅទិសដៅនីមួយៗ លោក សៅ ដារ៉ា ចតម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) របស់លោក ហើយលាងសម្អាតដើម្បីត្រៀមខ្លួនទៅទទួលអតិថិជនបន្តទៀត ។ លោក ដារ៉ា ប្រាប់មកអ្នកយកព័ត៌មានយើងថា ៖ « ប្រពន្ធ កូនទាំងបី និង គ្រួសាររបស់ខ្ញុំទាំងអស់ គឺពឹងផ្អែកទាំងស្រុងលើចំណូលរបស់ខ្ញុំពីការរត់ម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE នេះ»។
(លោក លឹម សៅដារ៉ា ចតម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) របស់លោកនៅពេលម៉ោងសម្រាកថ្ងៃត្រង់)
មុនពេលដែលលោក ដារ៉ា សម្រេចចិត្តទិញម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) មកដឹកភ្ញៀវ លោកធ្លាប់ជាអ្នករត់ម៉ូតូឌុប និង ក្រោយមកជាអ្នកបើកម៉ូតូកង់បីអស់រយៈពេលជាង ៦ ឆ្នាំ ។ ប៉ុន្តែដោយប្រឈមនឹងការលំបាកផ្សេងៗ ទើបលោកបានសម្រេចចិត្តទិញម៉ូតូ បាចាច អរ អ៊ី (Bajaj RE) កាលពីពីរឆ្នាំមុន ហើយចាប់ពីពេលនោះមកលោកមានអារម្មណ៍ថាមានសុវត្ថិភាព និង ផាសុកភាពជាងមុន ។
លោកបន្តទាំងទឹកមុខញញឹមថា ៖ «នៅពេលដែលខ្ញុំផ្លាស់ប្តូរមកប្រើម៉ូតូកង់បី បាចាច អរ អ៊ីនេះ ខ្ញុំមិនប្រឈម និង គ្រោះថ្នាក់ដូចមុនទៀតទេ ។ អស់រយៈពីរឆ្នាំមកនេះ ខ្ញុំជួបគ្រោះថ្នាក់តែម្តងទេ ដោយសារកាលនោះមានខ្យល់ និង ភ្លៀងធំ ហើយមានឆ័ត្រធំមួយហោះតម្រង់មករកខ្ញុំ បងអើយសំណាងដោយខ្ញុំបើកម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) មានរបាំងការពារនៅពីមុខ កុំអីខ្ញុំបាក់ភ្លៅរហូតមកដល់សព្វ ថ្ងៃនេះហើយ»។ ដារ៉ា ស្ទាបភ្លៅរបស់គាត់ ញញឹម ហើយនិយាយបន្ត ៖ «និយាយទៅឥឡូវស្រួលគ្រប់បែបយ៉ាងទោះបីជាថ្ងៃក្តៅ និង ភ្លៀងខ្លាំងយ៉ាងណាក៏ដោយ» ។
ក្រៅពីកត្តាសុវត្ថិភាព ចំណូលរបស់លោកក៏ទទួលបានល្អជាងមុន បន្ទាប់ពីប្រកបមុខរបរនេះ ដោយក្នុងមួយថ្ងៃលោកអាចរកបានខ្ទង់ ១៥ ដុល្លារ ទៅ ២០ ដុល្លារ ។ រាល់ថ្ងៃនេះលោក ដារ៉ាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចូលកូនធំៗទាំងពីរនាក់របស់គាត់ទៅសាលារៀន និង មានថវិកាគ្រប់គ្រាន់សម្រាប់ថ្លៃទឹកដោះគោរបស់កូនតូច ថ្លៃម្ហូបអាហារ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្រាប់គ្រួសាររបស់គាត់ ។
លើសពីនេះ លោក ដារ៉ា បន្ថែម ៖ «សព្វថ្ងៃ ខ្ញុំមិនចាំបាច់ជិះរកភ្ញៀវដូចពីមុននោះទេ ដោយគ្រាន់តែចុះឈ្មោះក្នុងកម្មវិធីអែប (app) ផ្សេងៗគ្នា នោះគ្រាន់តែអង្គុយនៅមួយកន្លែងក៏ខ្ញុំដឹងថាមានភ្ញៀវត្រូវការខ្ញុំដែរ» ។ សព្វថ្ងៃនេះលោក ដារ៉ា បានលក់ម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) ឆ្នាំ ២០១៤ របស់លោក ហើយបានទិញម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) ថី្មឆ្នាំ ២០១៨ កាលពីកន្លះខែមុន ។
លោក ជុំ ភួង អាយុ ៣២ ដែលមានសាច់រឿងស្រដៀងនឹងលោក សៅ ដារ៉ា បានឲ្យដឹងថាលោកបានទិញម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) នេះក្នុងអំឡុង ៦ ខែមុន ហើយឥឡូវនេះជីវភាពរបស់គ្រួសារលោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
(ម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) កំពុងដឹកភ្ញៀវលើផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងភ្នំពេញ)
លោក ភួង បានប្រាប់ថា ៖ «ការបើកម៉ូតូនេះ គឺប្រើប្រាស់បានទាំងសាំង និង ហ្គាសដែលធ្វើឲ្យខ្ញុំចំណាយតិចជាងបើកម៉ូតូដែលប្រើតែសាំង ដូច្នេះហើយខ្ញុំក៏អាចដឹកភ្ញៀវក្នុងតម្លៃសមរម្យដែរទើបខ្ញុំសព្វថ្ងៃទទួលបានអតិថិជនកាន់តែច្រើន» ។ ពេលនេះលោកអាចរកប្រាក់ចំណេញបានយ៉ាងហោចណាស់ ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារក្នុងមួយខែ ដែលអាចបញ្ចូនកូនស្រីតូចរបស់លោកទៅសាលាមតេ្តយ្យ ដូច្នេះភរិយារបស់លោកអាចមានពេលទៅធ្វើការពេញម៉ោងនៅរោងចក្រ ។ ស្របពេលដែលលោកអាចរកចំណូលបានល្អប្រសើរក្នុងការផ្គត់ផ្គង់ជីវភាព ម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) ប្រភេទនេះក៏ជាផ្នែកមួយដែលជួយកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាននៅប្រទេសក្រៅផង ដែរ ។
លោក ភួង បានបន្ថែមថា ៖ «ក្នុងនាមជាអ្នកដឹកភ្ញៀវតាមម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) មួយរូប ខ្ញុំមិនត្រឹមតែរកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំត្រូវមានតួនាទីទទួលខុសត្រូវអាយុជីវិតរបស់ភ្ញៀវរបស់ខ្ញុំផងដែរ ។ ហេតុដូច្នេះហើយ ខ្ញុំតែងតែប្រុងប្រយ័ត្ននៅពេលបើកបរនៅលើផ្លូវ» ។
ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាស្ទើរតែគ្រប់វ័យនិយមជិះម៉ូតូកង់បីនេះ រួមទាំងកញ្ញា គឹម ស្រីណែត ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ និង តែងតែប្រើប្រាស់នូវសេវាដឹកជញ្ចូននេះបានប្រាប់ថា ៖ «ខ្ញុំតែងតែជិះម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) នេះនៅពេលដែលខ្ញុំត្រូវការទៅកន្លែងណាមួយ ពីព្រោះវាងាយស្រួល និង មានសុវត្ថិភាពដោយគ្រាន់តែហៅពួកគាត់តាមប្រព័ន្ធអ៊ីធឺរណេត ហើយមានតម្លៃថោក» ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) បានមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៥ ហើយបានបង្កើតការងារដល់ប្រជាជនខ្មែរចំនួន ១ ម៉ឺនកន្លែងបើគិតត្រឹមក្នុងឆ្នាំ២០១៨ នេះ ៕
(ម៉ូតូកង់បី បាចាច អរ អ៊ី (Bajaj RE) កំពុងឈប់ទទួលភ្ញៀវនៅលើដងផ្លូវ)