គម្រោង Ecocycle របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន សម្ពោធកន្លែងផ្ទុកសំរាមឧស្សាហកម្ម ដើម្បីគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ – គម្រោង Ecocycle របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ដែលជាអ្នកផ្តល់ដំណោះស្រាយកម្ទេចសំរាម ទំនើប និងមាននិរន្តរភាពខ្ពស់ បានចុះហត្ថលេខាជាមួយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ដែលមានការអភិវឌ្ឍល្អបំផុតនៅក្នុងប្រទេសកម្ពុជា លើកិច្ចព្រមព្រៀងសាងសង់ កន្លែងផ្ទុកសំរាមឧស្សាហកម្ម ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីផ្ដល់ដំណោះស្រាយកម្ទេចសំរាមដែលមាននិរន្តរភាពខ្ពស់ទៅដល់សហគ្រាសនៅទីនោះ ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុដែលសាងសង់ដោយ សហគ្រាសចិន និងខ្មែរឯកជន ជាច្រើនដែលជាគម្រោងដ៏ធំមួយនៃ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» ក្នុងគោលបំណងបង្កើតវេទិកាវិនិយោគដ៏ល្អសម្រាប់ «វិនិយោគនៅអាស៊ាន ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោក» របស់សហគ្រាស ។ នៅក្នុងដំណាក់កាលទី ១ នៃ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឧស្សាហកម្មសំខាន់ៗធំៗរួមមានដូចជា វាយនភណ្ឌ និង កាត់ដេរ កាបូប និងផលិតផលស្បែក កាបូប និងផលិតផលស្បែក ឧបករណ៍ផ្សេងៗ សម្ភារៈសំណង់ គ្រឿងសង្ហារឹមក្នុងផ្ទះ និងសារធាតុគីមី ។ នៅដំណាក់កាលទី ២ នាពេលបច្ចុប្បន្ននេះមានសហគ្រាសចំនួន ១៦៥ មកពីប្រទេសចិន អាមេរិក អ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដទៃទៀតហើយ និងមានកម្មករ ៣០,០០០នាក់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចង់ក្លាយខ្លួនទៅជាតំបន់ឧស្សាហកម្មគំរូផ្នែកអេកូឡូស៊ីដែលមានដំណើរការល្អ និងពេញលេញជាមួយសហគ្រាសសរុបចំនួន ៣០០ នឹងមានចំនួនកម្មករទៅដល់ ១០០,០០០ នាក់ ។
លោក Jianjiang Cao អ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានមានប្រសាសន៍ថា «ទាំងក្នុងអំឡុងពេលដំណើរការអភិវឌ្ឍនិង ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគំនិត «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» ដែលមាន ៨ ចំណុច។ ចំណុចមួយគឺចង់បានការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីបង្កើតទំនាក់ទំនងឈ្នះឈ្នះជាមួយបរិស្ថាន ។ យើងមិនត្រឹមតែបង្កើតភាពបៃតងក្នុងពេលសាងសង់នោះទេ ប៉ុន្តែថែមទាំងបានសាងសង់បំពង់បង្ហូរទឹកដើម្បីបែងចែកទឹកភ្លៀង និងទឹកស្អុយ ។ យើងមានមោទនភាពក្នុងការនិយាយថា រោងចក្រប្រព្រឹត្តកម្មទឹកស្អុយរបស់យើងគឺល្អជាងគេនៅប្រទេសកម្ពុជា។ ការសហការជាមួយគម្រោង Ecocycle យើងអាចបោះបង់ចោលកាកសំណល់ឧស្សាហកម្មបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពដែលជាវិធានការណ៍ដ៏មានឥទ្ធិពលមួយឆ្ពោះទៅរកការអនុវត្តគំនិត «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ យើងជឿជាក់ថាបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់ដ៏ទំនើបរបស់ គម្រោង Ecocycle នឹងធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជាតំបន់ឧស្សាហកម្មបៃតង» ។
ការគ្រប់គ្រងកាកសំណល់សំរាមបានក្លាយជាបញ្ហាសំខាន់នៅប្រទេសកម្ពុជា ដែលមានការលំបាកកាន់តែខ្លាំងស្របពេលដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពដល់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ជាសកលដែលមានឈ្មោះថា «Co-processing» ។ «Co-processing» គឺជាពាក្យបច្ចេកទេស ប្រើសម្រាប់កម្ទេចកាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតម៉ងត៍ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។ អ្នកធ្វើការលើផ្នែកឧស្សាហកម្ម បានកំពុងបង្ហាញការទទួលខុសត្រូវកាន់តែច្រើននៅជាងមុនជាពិសេសលើផ្នែកបរិស្ថាន។ កន្លែងផ្ទុកសំរាមឧស្សាហកម្មថ្មីនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ដើម្បីកសាងបរិស្ថានស្អាត នៅពេលដែលពិភពលោកកំពុងប្រឈមមុខទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ គម្រោង Ecocycle មានសមត្ថភាពកែច្នៃកាកសំណល់ឧស្សាហកម្មប្រហែល ១០ តោនក្នុងមួយម៉ោង ឬប្រហែល ៧០០០ តោនក្នុងមួយខែ ។
លោក Nicolas George នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បានមានប្រសាសន៍ថា «គម្រោង Ecocycle មានមោទនភាពក្រៃលែងដែលបានបោះជំហានដ៏សំខាន់មួយទៀតក្នុងដំណើរឆ្ពោះទៅរកការគ្រប់គ្រងសំរាមនៅកម្ពុជាដោយនិរន្តរភាព។ កិច្ចសហប្រតិបត្តិការជាមួយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលយើងកំពុងផ្តួចផ្តើម គឺជាសញ្ញាដ៏ប្រសើរមួយដែលបង្ហាញថា វិនិយោគិនបានប្តេជ្ញាចិត្ដក្នុងកាត់បន្ថយសម្ពាធទៅលើបរិស្ថាន។ យើង នឹងមានមោទនភាពក្នុងការធ្វើអោយ កិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ និងជួយគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសនៅទីនោះជាមួយសេវាកម្មលំដាប់ថ្នាក់ល្អបំផុត» ។
បច្ចេកវិទ្យា «co-processing» ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ។ បច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន រួមទាំង អង្គការសុខភាពពិភពលោក និង GTZ ក៏ដូចជាអនុសញ្ញា Basel និង Stockholm ។
លោក Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃគម្រោង Ecocycle បានមានប្រសាសន៍ថា «យើងមានទំនុកចិត្តថាយើងអាច ផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព ទៅដល់សហគ្រាសទាំងអស់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈការបំពេញតាមបទប្បញ្ញត្តិផ្នែកស្តង់ដារបច្ចេកទេស និងត្រូវបានអនុម័តជាសកលសម្រាប់ការគ្រប់គ្រងសំរាមឧស្សាហកម្ម។ ដំណោះស្រាយរបស់យើង គឺជាជម្រើសល្អប្រសើរបំផុត ជំនួសឲ្យការកប់សំរាម និងការដុតសំរាម ពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន» ។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន គឺជាការបណ្តាក់ទុនរួមគ្នា រវាង ជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation របស់ប្រទេសថៃ ។ Insee Group មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗជាច្រើន ។ ដោយប្រើប្រាស់ឡដែលទំនើប Insee Ecocycle ដែលជាអង្គភាពអាជីវកម្មមួយរបស់ Insee Group បានកម្ទេចសំណល់ឧស្សាហកម្មជាង ៧០០ ០០០ តោនក្នុងមួយឆ្នាំ។
អង្គភាពអាជីវកម្មនេះបានពង្រីកវិសាលភាព និងជំនាញរបស់ខ្លួនពី Insee Ecocycle ថៃ ទៅ Insee Ecocycle វៀតណាម និង Insee Ecocycle ស្រីលង្កា ។ គម្រោង Ecocycle គឺជាសមាជិកគ្រួសារថ្មីក្នុងក្រុមគ្រួសារគ្រប់គ្រងកាកសំណល់នេះ ៕