រឿង «១៩ ឆ្នាំ» បានបើកធ្វើពិធីក្រុងពាលីចាប់ដំណើរការថតសម្តែងហើយ
My TV Original The Series បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយមានចំណងជើងថា «១៩ ឆ្នាំ» នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នៅស្ថានីយទូរទស្សន៍ MYTV ដើម្បីចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍នាខែកុម្ភៈ ២០២១ ខាងមុខ ។ ចូលរួមក្នុងពិធីក្រុពាលីនាពេលនោះគេសង្កេតឃើញមានលោក លីម ឃុនស្រ៊ុន អគ្គនាយក CBS លោកគុជ ចាន់ វិសាល អគ្គនាយករង ព្រមទាំងអ្នកដឹកនាំរឿង អ្នកនិពន្ធ និង តារាសម្តែងជាច្រើន ។
រឿង «១៩ ឆ្នាំ» នេះរួមមានចំនួន ១២ ភាគក្នុងមួយភាគមានរយៈពេល ៣០ នាទី នឹងត្រូវថតចប់នាខែកញ្ញាខាងមុខ ដោយត្រូវដាក់បញ្ចាំងនោលើកញ្ចក់ទូរទស្សន៍នាទិវាបុណ្យនៃក្តីស្រឡាញ់ខែកុម្ភៈ ២០២១ ។ បើតាម ភា បុទុមស្រីពង្ស ដែលជាអ្នកផលិតកម្មវិធីនិងដឹកនាំរឿងបានឱ្យដឹងថា ៖ នេះជារឿងភាគដំបូងក្នុងកម្មវិធី My TV Original The Series ដែលសង្ឃឹមថានឹងទទួលបានការគាំទ្រចាប់អារម្មណ៍ពីមហាជនច្រើនមិនខានព្រោះខ្លឹមសារសាច់រឿងផ្តោតសំខាន់លើជីវិតបែបយុវវ័យអាចនិយាយបានថាជាការបំប្លែងសាច់រឿងរបស់យុវវ័យកើតឡើងពិតៗក្នុងសង្គមឱ្យទៅជាចំណីចក្ខុដ៍ទាក់ទាញតាមកញ្ចក់ទូរទស្សន៍ ។
ចំណុចពិសេសក្នុងរឿងនេះ ត្រូវបានអ្នកដឹកនាំសម្ដែងបង្ហើបថាមិនផ្ដោត លើមនោសញ្ចេតនាស្នេហាខ្លាំងទេពោលគឺផ្ដោតសំខាន់លើការអប់រំដល់យុវវ័យ និង បង្ហាញហេតុផលនៃអំពើល្អ អំពើអាក្រក់ ជួយតម្រង់ទិសលើកទឹកចិត្តយុវវ័យ ។ ជាក់ស្តែងរឿង ១៩ ឆ្នាំនេះមានតួសម្តែងសុទ្ធសឹងជាយុវវ័យក្នុងនោះតួអង្គសំខាន់មាន ៦ នាក់គឺប្រុស ៣នាក់ មាន ចាដេត ,ផាន់ណា ,ណារ៉ាឌី និងស្រី ៣ នាក់ ដាលីណា , វីណា ,វិច្ឆិកា ។
ទាំង ដាលីណា ជាតួឯកស្រី និង ចាដេត តួឯកប្រុសក្នុងរឿង «១៩ ឆ្នាំ» បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងដែលពួកគេមានឱកាសបានចូលរួមសម្តែងក្នុងរឿងនេះត្រូវទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ។ រឿង «១៩ ឆ្នាំ» ត្រូវបាននិពន្ធដោយកញ្ញា សោម នីសោភា ដែលធ្លាប់មានស្នាដៃក្នុងការនិពន្ធរឿងភាពយន្តបាន ២ រឿង និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រឡងនិពន្ធរឿងល្ខោនវិទ្យុ ,ជាប់លេខ ៣ ក្នុងការប្រឡងនិពន្ធរឿងខ្លី ព្រមទាំងជាប់លេខ ៥ ក្នុងការប្រឡងនិពន្ធរឿងភាពយន្ត នាពេលកន្លងទៅ ៕