ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia សម្ពោធ ៣ សាខា ក្នុងថ្ងៃតែមួយ បន្តសន្ទុះរីកលូតលាស់លើទឹកដី ព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែតុលា ២០២០ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព ក្នុងការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ ។ ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស ។
កម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើយតាមប្រព័ន្ធ ឌីជីថល និងប្រារព្ធឡើងនៅទីតាំង ៤ ផ្សេងគ្នា ស្របពេលតែមួយ ដោយទីតាំងប្រារព្ធកម្មវិធីធំ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រម ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពី ប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធានារ៉ាប់រងនៃប្រទេសកម្ពុជា ដៃគូអាជីវកម្ម និងនាយកប្រតិបត្តិជាន់ខ្ពស់របស់អេ អាយ អេ ។
ឯកឧត្តម ម៉ី វ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ អេ អាយ អេ(ខេមបូឌា) នៅទូទាំងប្រទេស ហើយបន្តមានប្រសាសន៍ថា «តាមរយៈការសម្ពោធសាខា អេ អាយ អេ ទាំង ៣ នេះ ខ្ញុំជឿជាក់ថានេះជាឯកសិទ្ធិផលថ្មីមួយសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ដើម្បីអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ជូនសុវត្ថិភាពហរិញ្ញវត្ថុ» ។
ជាមួយគ្នានោះដែរ លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់របស់ អេ អាយ អេ ដែលបានចូលរួមកម្មវិធីតាមអនឡាញពីប្រទេសសិង្ហបុរី បានមានប្រសាសន៍ ថា «ជាង ១០០ ឆ្នាំមកហើយដែល អេ អាយ អេ បានផ្តល់សេវាកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយមោទនភាព ការយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម និងការ ផ្តល់ជូនសេវាកម្មពិសេស។ តាមរយៈការទទួលបាន IPO ក្នុងឆ្នាំ ២០១០ អេ អាយ អេ បានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងដែលធំជាងគេបំផុតក្នុងពិភពលោក ។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងណាក្តី អេ អាយ អេ នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសកម្ពុជា និងវត្តមានរបស់ អេ អាយ អេ នៅទីនេះ។ ហេតុផលនេះហើយ ដែលនាំឲ្យ អេ អាយ អេ ថ្ងៃនេះមានមោទនភាពធ្វើការសម្ពោធសាខារហូតដល់ ៣ដើម្បីបម្រើជូនប្រជាជនកម្ពុជា នៅកំពង់ចាម បាត់ដំបង និងកំពត ដោយមានគោលដៅដ៏មុតមាំក្នុងការផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនក្នុងតំបន់ទាំងនេះ» ។
យើងសង្កេតឃើញថា អេ អាយ អេ (ខេមបូឌា) មានសន្ទុះរីកលូតលាស់នៅក្នុងទីផ្សារកម្ពុជាតាមរយៈការផ្តល់ជូនផលិតផលឈានមុខ និងសមត្ថភាពក្នុងការផ្តល់ជូនការការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំរបស់លោកស្រី ធៀវ ផលីន អគ្គនាយិកាប្រតិបត្តិរបស់ អេ អាយ អេ(ខេមបូឌា) ។
ថ្លែងក្នុងពិធីសម្ពោធនោះដែរ លោកស្រីអគ្គនាយិកា បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការបើកសម្ពោធសាខាថ្មីចំនួន ៣ បន្ថែមនៅកម្ពុជា ដែលព្រឹត្តិការណ៍ដ៏សំខាន់មួយ នេះ បានបង្ហាញពី ដំណើរនៃភាពរីកលូតលាស់យ៉ាងឆាប់រហ័សរបស់យើង។ បន្ទាប់ពីមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ក្នុងឆ្នាំ ២០២០ ពីជំងឺកូវីដ-១៩ យើងប្រកាន់ជំហរយ៉ាងមុតមាំក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញដើម្បីបន្តផ្តល់ជូននូវដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេលើទីផ្សារដល់ប្រជាជននៅខេត្តកំពង់ចាម បាត់ដំបង និងកំពត» ។
សម្រាប់ពិធីសម្ពោធនេះដែរបានបន្ថែមឲ្យ អេ អាយ អេ (ខេមបូឌា) មានសាខាសរុបចំនួន ៤ បន្ទាប់ពីបានបើកដំណើរការសាខាក្នុងខេត្តសៀមរាបកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បានបង្កើន និង ពង្រីកសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ អេ អាយ អេ (ខេមបូឌា) មានមោទនភាពក្នុងការការពារប្រជាជនកម្ពុជាទូទាំងប្រទេសច្រើនជាងមុន ៕