ណេសត្លេ ក្រុមហ៊ុនអាហារូបត្ថម្ភ និង ភេសជ្ជៈឈានមុខគេនៅលើពិភពលោកបន្តប្តេជ្ញាចិត្តលើកកម្ពស់សុខភាពប្រជាជនកម្ពុជាតាមរយៈព្រឹត្តិការណ៍អប់រំសុខភាព/កម្មវិធី «ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ»
ភ្នំពេញ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ៖ កំណើនសេដ្ឋកិច្ចជាតិ និង ការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និង សុខភាពរបស់ប្រជាជនកម្ពុជា ។ ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម កំពុងតែមានការកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យប្រជាជនភាគច្រើនចាប់អារម្មណ៍ទៅនឹងការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ ។ ទោះជាយ៉ាងនេះក្តី មានការសិក្សាជាច្រើនបានបង្ហាញថា កង្វះខាតអាហារូបត្ថម្ភនៅក្នុងចំណោមកុមារ និងស្ត្រី នៅតែជាក្តីកង្វល់របស់យើងទាំងអស់គ្នានៅឡើយ ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ទទួលទានរាល់ថ្ងៃ មិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់ពួកគាត់ត្រូវការជាចាំបាច់ ។
ការរស់នៅប្រកបដោយសុខភាពល្អ គឺបានមកពីការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និង ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ នៅពេលដែលយើងអនុវត្តបានល្អនូវរាល់ចំណុចទាំងអស់នោះ វានឹងជួយយើងក្នុងការបង្កើនថាមពល និងការផ្តោតអារម្មណ៍បានកាន់តែប្រសើរ ដែលអាចធ្វើឱ្យសុខភាពយើងកាន់តែល្អ និងមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោក បានបន្តបង្កើតនូវផលិតផលយ៉ាងច្រើនសម្បូរបែប ដែលក្នុងនោះរួមមាន៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ និងម៉ៃឡូជាដើម ដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ៗ សម្រាប់អតិថិជនទាំងអស់ ជាពិសេស កុមារ យុវជន និងស្ត្រី ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់របបអាហាររបស់ពួកគាត់ ។
អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលណេសត្លេ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ផលិតផលរបស់ណេសត្លេ ទទួលបានការពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងមានប្រវត្តិយ៉ាងរឹងមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាព។
ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពប្រកបដោយនិរន្តរភាពរបស់ប្រជាជនកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ“ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ។
កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ ។
ផលិតផលជាច្រើនរបស់ ណេសត្លេ ក៏នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និង ម៉េកគី ជាដើម ដែលសុទ្ធសឹងតែជាផលិតផលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារគ្រប់ជំនាន់។
ណេសត្លេ សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃ កាន់តែប្រសើរ និងមានសុខភាពល្ អ៕