ក្នុងរយៈពេល ៣ ថ្ងៃ អ្នកប្រើប្រាស់ខកចិត្តពីរដង ជាមួយតម្លៃ iPhone X
ទីបំផុត iPhone X ដែលអ្នកនិយមទូរស័ព្ទស្មាតហ្វូននៅកម្ពុជាមួយចំនួនទន្ទឹងរង់ចាំ បានបង្ហាញខ្លួននៅលើទីផ្សារហើយ ជាមួយនឹងតម្លៃខ្ពស់កក់ពពក ពោលគឺជាង ១៨០០ ដុល្លារ សម្រាប់ទំហំ 64 GB និង ជាង ២២០០ ដុល្លារ សម្រាប់ទំហំ 256 GB នៅថ្ងៃដំបូង ។ មិនខុស ពីការរំពឹងទុក ទោះជា iPhone X នៅកម្ពុជាមានតម្លៃខ្ពស់ជ្រុល ក៏នៅតែមានអ្នកហ៊ានចំណាយប្រាក់ទិញប្រើដែរ ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការរអ៊ូរទាំពីតម្លៃរបស់ iPhone X ចាប់ផ្តើមកើតមានគ្រប់ទីកន្លែង ជាពិសេសនៅលើហ្វេសប៊ុក ។ ខណៈដែល Samsung Galaxy Note 8 ដែលជាគូប្រជែងរបស់ខ្លួនរក្សាតម្លៃថេរប្រហែល ៩០០ ដុល្លារដដែល ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ តម្លៃ iPhone X បានធ្លាក់ចុះជិត ៥០០ ដុល្លារ ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមានអារម្មណ៍អវិជ្ជមាន ។
ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជារឿងចម្លែក ពេកដែរដែលទូរស័ព្ទត្រកូល iPhone ធ្លាក់ថ្លៃជាបន្តបន្ទាប់ក្រោយបង្ហាញវត្តមាន នៅលើទីផ្សារ ។ ហេតុនេះ អ្នកប្រើប្រាស់គួរពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ដោយសារតាមការព្យាករណ៍ តម្លៃនេះនឹងបន្តធ្លាក់ចុះទៀត ស្របពេលដែលគ្រឿងបន្លាស់ក៏មានតម្លៃខ្ពស់មិនធម្មតាដែរ ៕