មកស្គាល់សមាសភាពកំពូលជើងខ្លាំងគុនខ្មែរទាំង ៤ រូប តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ Khmer-Thai Fight (មានវីដេអូ)
កំពូលអ្នកប្រដាល់គុនខ្មែរកំពុងលេចធ្លោបំផុតប្រចាំឆ្នាំ២០១៧ ចំនួន ៤ រូប រួមមាន៖ ឃឹម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង, ឡៅ ចិត្រា និង ម៉ឺន សុភា កំពុងបង្កើនការហ្វឹកហាត់ត្រៀមបញ្ចេញសមត្ថភាពបង្ហាញគុនខ្មែរឱ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈព្រឹត្តិការណ៍ប្រដាល់អន្តរជាតិធំបំផុតមិនធ្លាប់មាននៅកម្ពុជា Khmer-Thai Fight ដ៏កក្រើក ។ តារាឆ្នើមគុនខ្មែរតំណាងកម្ពុជាទាំង ៤ រូបនេះនឹងត្រូវតតាំងជាមួយជើងខ្លាំងលំដាប់អន្តរជាតិមកពី ២ ទ្វីបក្នុង ៤ ប្រភេទទម្ងន់ផ្សេងគ្នានៅក្នុងវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) នាថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ដែលទស្សនិកជនជាច្រើនកំពុងរង់ចាំទស្សនា មិនថាក្នុង ឬ ក្រៅប្រទេស ។
ជាអ្នកខេត្តកណ្តាលវ័យ ២៣ ឆ្នាំ ពេជ្រ ម្ទេសខ្មាំង នឹងប្រកួតក្នុងប្រភេទទម្ងន់ ៥៦ គីឡូក្រាមជាមួយកីឡាករមកពីប្រទេសប្រេស៊ីល Jonathan Silva នៅក្នុងព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ ។
កីឡាករតំណាងកម្ពុជាម្នាក់ក្នុងចំណោម ៤ ដោយសាររូបគេជាម្ចាស់មេដាយមាសកីឡាជាតិ ២០១៦ និង ជាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ២០១៧ វិញ្ញាសាប្រដាល់សកល ។ បន្ថែមពីលើនេះ ម្ទេសខ្មាំង ក៏ជាម្ចាស់ខ្សែក្រវាត់គុនខ្មែរក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមប្រចាំសង្វៀនសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់របស់ ភីអិនអិន រួមទាំងម្ចាស់ជើងឯកជាច្រើនទៀតផងដែរ ។ ជាមួយគ្នានោះអ្នកលេងគុនខ្មែរវ័យក្មែង ឡៅ ចិត្រា មកពីខេត្តកំពង់ស្ពឺ ក៏មិនធម្មតាដែរ ព្រោះថាប្អូនបង្កើត ឡៅ ចិត្រា វ័យទើប ១៨ ឆ្នាំរូបនេះក៏ជាម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ ២០១៦ និង ជាជ័យលាភីមេដាយសំរឹទ្ធស៊ីហ្គេម ២០១៧ វិញ្ញាសាប្រដាល់សេរី ថ្វីបើទើបចូលប្រឡូកក្នុងពិភពក្បាច់គុនមរតដូនតកម្ពុជាយើងរយៈពេលតិចឆ្នាំក្តី ។ ចិត្រា នឹងប្រកួតប្រភេទទម្ងន់ ៦០ គីឡូក្រាមទល់នឹងកីឡាករមកពីប្រទេសរុស្សី Kazbek Alisultanov ។
ដូចគ្នានេះដែរ កីឡាករគីឡូធ្ងន់គ្មានគូប្រៀបរបស់កម្ពុជានាពេលបច្ចុប្បន្ន ម៉ឺន សុភា ក៏មានសាវតាប្រដាល់មិនធម្មតាដែរ ។ អ្នកលេងគុនខ្មែរទម្ងន់ ៧១ គីឡូក្រាមរូបនេះ ទើបតែឈ្នះមេដាយប្រាក់មកពីស៊ីហ្គេម ២០១៧ លើវិញ្ញាសាប្រដាល់សេរី ខណៈឆ្នាំ ២០១៦ កន្លងទៅរូបគេក៏ជាម្ចាស់មេដាយមាសកីឡាជាតិលើកទី ១ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ឱ្យបានល្អប្រសើរ ។ កូនសិស្សលោក ធន់ សុភា វ័យ ២៥ ឆ្នាំរូបនេះបានផ្តួលគូបដិបក្ខឱ្យសន្លប់ចំនួន ៣០ លើកក្នុងចំណោមការឡើងសង្វៀនគុនខ្មែរ ៨៧ លើករបស់គេនាពេលកន្លងមក ។ សុភា នឹងប្រកួតក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសន័រវេសន៍ Mohamed Khalil ។
កាន់តពិសេសទៀតនោះ ឃឹម ឌីម៉ា ដែលជានិមិត្តរូបក្នុងដួងចិត្តអ្នកស្នេហាគុនខ្មែរយ៉ាងលើលប់នោះ នឹងឡើងមកសម្ញែងឬទ្ធិរបស់ខ្លួនលើសង្វៀន Khmer-Thai Fight ជាលើកដំបូងដើម្បីផ្តល់មោទនភាពដល់ជាតិម្តងទៀត តាំងពីដណ្តើមបានមេដាយមាសស៊ីហ្គេម ២០១៧ ក្នុងខែសីហាមក ។ អ្នកអភិរក្សគុនខ្មែរមកពីខេត្តបន្ទាយមានជ័យរូបនេះបានឈ្នះខ្សែក្រវាត់ជាច្រើនក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម និង កាន់តែអស្ចារ្យនោះ គឺមេដាយមាសស៊ីហ្គេមនៅម៉ាឡេស៊ីថ្មីៗនេះ ។ ឌីម៉ា នឹងត្រូវតតាំងជាមួយកីឡាករមកពីប្រទេសរុស្សី Dmitri Mordvinov ។
កីឡាករទាំង ៤ រួបនេះ ពិតណាស់នឹងអង្រួនសង្វៀន Khmer-Thai Fight នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៦ ល្ងាចតទៅ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមិនធ្លាប់មាននៅកម្ពុជានេះ នឹងមានការផ្សាយផ្ទាល់លើកកញ្ចក់ទូរទស្សន៍អន្តរជាតិមួយចំនួនទៀតផងដែរ ៕