យ៉ែម សំអូន ផ្សារភ្ជាប់ជីវិតពិតដ៏ឈឺចាប់របស់ខ្លូនទៅនឹងសាច់រឿង «ផ្កាថ្ម»
លោក យ៉ែម សំអូន គឺជាតារាចម្រៀង និង សម្តែងមួយរូបដែលកំពុងតែទទួលបានការពេញនិយមខ្លាំងពីទស្សនិកជន ។ មួយរយៈពេលចុងក្រោយនេះលោកបានលេចមុខជាច្រើននៅក្នុងការសម្តែងភាពយន្ត ហើយថ្មីៗនេះក្រោយពីបានចូលរួមសម្តែងក្នុងរឿងភាគ «ផ្កាថ្ម» លោក យ៉ែម សំអូន ហាក់បានបង្ហាញពីអារម្មណ៍របស់ខ្លូននៅក្នុងរឿងមកនេះមកផ្សាភ្ជាប់ជាមួយជីវិតពិតរបស់លោកតែម្តង ។
គេបានសង្កេតឃើញថា ជារឿយៗលោក យ៉ែម សំអូន តែងបង្ហោះសារលើហ្វេសប៊ុកដែលនិយាយអំពីក្នុងរឿងភាគ «ផ្កាថ្ម» តែវាហាក់បី ដូចលោកកំពុងតែបរិយាយពីអារម្មណ៍ពិតក្នុងជីវិតពិតរបស់លោកទៅវិញ ។ ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសជាមួយរឿងភាគ ហង្សមាស លោកបានបញ្ជាក់ថា លោកពិតជាដិតដាមដោយអារម្មណ៍ជាពិសេសឈុតដែលលោកសម្តែងជាតួឪពុក ហើយត្រូវកូនមិនទទួលស្គាល់ដែលពិតជាធ្វើឱ្យលោកមានអារម្មណ៍ឈឺចាប់ជាខ្លាំងណាស់ ។
ជាក់ស្តែងនៅលើហ្វេសប៊ុកលោកផ្ទាល់ក៏បានបង្ហោះរូបមួយក្នុងឈុតនៃរឿង «ផ្កាថ្ម» ដែលត្រូវកូនឈរបែរខ្នងដាក់ជាមួយនឹងពាក្យថា «វានៅតែថិតនៅក្នុងកាចងចាំមួយ ហើយវាប្រៀបដូចជាស្រមោលដែលអន្ទោលតាមរាងកាយខ្ញុំ និង នៅក្នុងកែវភ្នែករបស់ខ្ញុំគ្នានថ្ងៃរលប់ នឹក តែមិនអាចជួប អ្នកណាខ្លះដែលអារម្មណ៍មួយនេះ ?» ។ តាមរយៈសារទាំងនេះត្រូវបានទស្សនិកជនសន្និដ្ឋានថាជាអារម្មណ៍ពិតរបស់លោកជាមួយកូនស្រីនៅក្នុងជីវិតពិត ។
យ៉ាងណាមិញលោក យ៉ែម សំអូន បានញ្ជាក់ផងដែរថា លោកក៏ដូចជាតារាសម្តែងទាំងអស់ក្នុងរឿងភាគ «ផ្កាថ្ម» នេះគឺសុទ្ធតែបានដាក់អារម្មណ៍សម្តែង ខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីឱ្យរឿងភាគមួយនេះទទួលបានការគាំទ្រពីទស្សនិកជន និង ជឿជាក់លើស្នាដៃផលិតរឿងភាគរបស់កូនខ្មែរផងដែរ ៕