កម្មវិធីថ្មីតាមទូរទស្សន៍ «ស្ថានីយក្តីស្រម៉ៃ» នឹងត្រូវចាក់បញ្ចាំងក្នុងខែនេះហើយ
កម្មវិធីថ្មីតាមទូរទស្សន៍ដែលមានឈ្មោះថា«ស្ថានីយក្តីស្រម៉ៃ»នឹងត្រូវចាក់បញ្ចាំងក្នុងខែនេះលើកញ្ចក់ទូរទស្សន៍ CTN និង My TV ដោយត្រូវបានផលិតដោយអង្គការ BBC Media Action និង ក្រុមការងារ ដែលធ្លាប់បានផលិតរឿងភាគតាមទូរទស្សន៍ដូចជា ឡូយ៩ ,ស្នេហ៍៩ និង ក្លាហាន៩ ហើយវាជាផ្នែក មួយនៃគម្រោង ក្លាហាន៩ ជាគម្រោងប្រព័ន្ធផ្សព្វផ្សាយចម្រុះដែលបង្កើតឡើងដោយក្រុមយុវជន និង ដើម្បីយុវជន ។
កម្មវិធីថ្មីតាមទូរទស្សន៍នេះនឹងត្រូវបានបង្ហាញដោយពិធីករលោក សាំង ដារារស្មី និង ពិធីការិនីកញ្ញា គង់ សូរីតា ដែលជាសហគ្រិនជោគជ័យវ័យក្មេងហើយគេក៏បានតាមដានខ្សែជីវិតពិតរបស់យុវជនក្នុង ការស្វែងរកការងារក្នុងក្តីស្រម៉ៃនិងជួយឱ្យពួកគេចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ។ បេក្ខជននិមួយៗនឹងជួបអ្នកជំនាញ និង បុគ្គលគំរូដែលជាអ្នកផ្តល់ការណែនាំ និង ផ្តល់ដំបូន្មានល្អលើ ដំណើរជីវិតរបស់គេ ។
បេក្ខជន«អ្នកមានក្តីស្រម៉ៃ»នៅក្នុងកម្មវិធីជីវិតពិតថ្មីនេះរួមមានយុវជនចង់ប្រកបអាជីវកម្មលក់ផ្កា យុវជនជាអ្នកនេសាទរស់នៅខេត្តកែប,យុវជនជាអ្នករចនាម៉ូតសម្លៀកបំពាក់រស់នៅទីក្រុងភ្នំពេញ,យុវជនជាអ្នកផលិតសិប្បកម្មរស់នៅខេត្តកំពង់ធំ,គូស្វាមីភរិយាធ្វើចំការរស់នៅខេត្តរតនគិរីនិងសិស្សរស់នៅមណ្ឌលគិរី ។ យុវជននីមួយៗនឹងជួបអ្នកជំនាញនិងបុគ្គលគំរូដែលជាអ្នកផ្តល់ដំបូន្មាននិងសេចក្តីណែនាំតាមរយៈការបំពាក់នូវចំណេះដឹងបំណិនជីវិតនិងជំនាញទន់នានាលើដំណើរជីវិតពួកគេ ។
អ្នកស្រី Rachael Canter ផលិតកររឿងភាគអង្គការBBC Media Action នៅប្រទេសកម្ពុជាឱ្យដឹងថា៖
កម្មវិធីថ្មីតាមទូរទស្សន៍ផលិតឡើងក្នុងគោលបំណងជម្រុញលើកទឹកចិត្តយុវជនមិនត្រឹមតែឱ្យពួកគេ ហ៊ានស្រម៉ៃប៉ុណ្ណោះទេតែថែមទាំងឱ្យពួកគេចេះច្នៃក្តីស្រម៉ៃឱ្យទៅជាគោលដៅជីវិតដែលអាចសម្រេច បាន ។ គម្រោងនេះទទួលបានការឧបត្ថម្ភពីអង្គការ UNDP និង រដ្ឋាភិបាលស៊ុយអែត ។
កម្មវិធីថ្មីតាមទូរទស្សន៍«ស្ថានីយក្តីស្រម៉ៃ »នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN នៅម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃព្រហស្បតិ៍ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា និងរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ៣ និង ៣០ នាទីល្ងាចហើយនឹងចាក់ប្្ចាំងតាមក្្ចក់ទូរទស្សន៍ My TV នៅម៉ោង ៤ និង ៣០ នាទី ល្ងាចនៅថ្ងៃសុក្រ និង ម៉ោង ១០ ព្រឹកនៅថ្ងៃសៅរ៍ ។
ទស្សនិកជនទាំងអស់ក៏អាចចូលរួមស្វែងយល់បន្ថែមអំពីកម្មវិធីក្លាហាន ៩ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ពហុចម្រុះដូចជាហ្វេសប៊ុក fb.com/klahan9 យូធូប youtube.com/klahan9cambodia គេហទំព័រ www. klahan9.com ៕