ដើម្បីបន្តជួយយុវជនក្នុងការបញ្ចេញសក្តានុពល និង សមត្ថភាព ក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ៥
ភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨៖ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ៥ ត្រូវបានបើកជាផ្លូវការនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង ដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និង ដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិកនៅប្រទេសកម្ពុជា ដូចជាការជួសជុល និង ការថែទាំផលិតផលអេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីត្រជាក់ ម៉ាស៊ីនបោកគក់ និង ទូរស័ព្ទដៃជាដើម ។
ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គមក្នុងប្រតិបត្តិការផ្តល់សេវា និង ផ្គត់ផ្គង់ផលិតផលក្រុមហ៊ុនសាមសុង តែងតែបង្កើតឱកាសសម្រាប់ប្រជាជន និង សហគមន៍សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។ ក្នុងនោះការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និង ទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និង សង្គមជាតិទាំងមូលផង ។
ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា «សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុងការជួយដល់សង្គម ព្រោះគោលបំណងរបស់យើងមិនមែនផ្ដោតតែលើការលក់ផលិតផលនោះមួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួមផ្ដល់ផលប្រយោជន៍ដល់សង្គមតាមរយ:ការពង្រីកចំណេះដឹងទៅលើផ្នែកគ្រឿងអេឡិចត្រូនិក» ។
លោកបានបន្តទៀតថា «យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី ៥ នេះនឹងបន្តភាពជោគជ័យរបស់យើងក្នុងការផ្ទេរចំណេះ និង ជំ នាញចាំបាច់ដល់សិក្ខាកាមទាំង ៨០ នាក់ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ថាជំនាញទាំងនេះនឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិ និង អនាគតរបស់ខ្លួន» ។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការចូលរួមរបស់វិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ ។
គួររំឭកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤ ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត ៣០០ នាក់ ហើយដែលសិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា ។
ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី ៥ នេះ មានសិក្ខាកាមចូលរួមចំនួន ៨០ នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល ៣ ខែ ។ គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេស និង ទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ ។
ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន ៨ នាក់ នឹងទទួលបានឱកាសការងារ និង ការបណ្ដុះបណ្ដាលការងារពីបណ្ដាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់សាមសុងនៅកម្ពុជាផងដែរ ៕