ពិតជាមានសំណាងណាស់! កុមារកម្ពុជា ចំនួន ៧ នាក់ទទួលបានការវះកាត់ ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យ បំរ៉ុងរ៉ាត់
កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ កុមារកម្ពុជា ចំនួន ៧ នាក់ទទួលបានការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ។ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាកម្ពុជា ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ ម៉ែត និង ក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ដែលជាគម្រោងមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់ជំនាញឯកទេស និង ធនធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារក្នុងប្រទេសជិតខាង ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើ ម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេស មីយ៉ាន់ម៉ា និង វៀតណាមជាដើម ហើយឆ្នាំនេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ។ តាំងពីឆ្នាំ ២០០៣ គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៧៧ នាក់ មកហើយ នៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេមានជីវិតស្រស់បំព្រងពោរពេញទៅដោយក្តីសង្ឃឹមសារជាថ្មីឡើងវិញ ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីទឹកដីមួយដ៏កំសត់ ពោរពេញទៅដោយបញ្ហា និង វិបត្ដឲ្យក្លាយទៅជាទឹកដីមួយដ៏សម្បួរបែប ប្រកបដោយភាពរីកចម្រើន និង មានសក្ដានុពលលើគ្រប់វិស័យ ក្រោមឥទ្ធិពលនៃសុខសន្ដិភាព ដែលបានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅសមិទ្ធផលធំៗ ជាច្រើន» ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនោះផ្នែកដ៏ធំមួយនៃវិស័យសុខាភិបាល គឺតាមរយៈការសម្រេចបាននូវគោលដៅកាត់បន្ថយអត្រាមរណៈភាពដែលជាលទ្ធផលជាក់ស្ដែង អត្រាមរណៈភាពកុមារពី ១២៤ ក្នុង ១,០០០ កំណើតរស់នាឆ្នាំ ២០០០ មកនៅត្រឹម ៤៥ នាឆ្នាំ ២០១០ និង អត្រាមរណៈភាពមាតា បានធ្លាក់ពី ៤៥០ នៅក្នុង ១ លានកំណើត នៅឆ្នាំ ២០០០ មកនៅត្រឹម ២០៦ នៅឆ្នាំ ២០១០ និង បានថយចុះជាបន្ដបន្ទាប់ ។
លោកបានបន្ថែមថា ស្ថិតិឆ្នាំ ២០១៦ ប្រជាពលរដ្ឋដែលបានទទួលសេវាសុខាភិបាល (ពិនិត្យ និងព្យាបាលជំងឺ) នៅតាមមូលដ្ឋានសុខភិបាលសាធារណៈរបស់រដ្ឋ មានចំនួនជាង ១០ លានករណី ហើយអត្រាស្លាប់មានចំនួនទាប ឬ ថយចុះ ០,៨៥% ដែលនេះបានបង្ហាញពីកំណើន នៃការប្រើប្រាស់សេវាសុខាភិបាលរដ្ឋ និង ភាពកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លើសពីនេះ ប្រេវ៉ាឡង់នៃគ្រប់ទម្រង់ជំងឺឆ្លងជាច្រើនទៀតក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយចំបងមួយចំនួន ដើម្បីបង្កើនការគិតគូរ និង យកចិត្ដទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស និង ការជំរុញលើកទឹកចិត្តឲ្យមានការចូលរួមរបស់វិស័យឯកជន អង្គការសមាគមនានា តាមរយៈកម្មវិធី និង សកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីផ្ដល់សេវាថែទាំសុខភាព ឲ្យបានកាន់តែទូលំទូលាយ និង ការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា តាមរយៈមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់ គឺជាការចូលរួមចំណែកដ៏ធំធេងមួយផងដែរ ទោះបីជាយើងនៅប្រទេសខុសគ្នាក្ដី ប៉ុន្ដែទិសដៅរួមរបស់យើង គឺជួយប្រជាពលរដ្ឋដែលមានការលំបាក ។
លោកស្រី Napas Paorohitaya តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង ជានាយកផ្នែកទីផ្សារនៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានលើកឡើងថា «គម្រោងដែលផ្តល់ការវះកាត់បេះដូងសម្រាប់កុមារដែលមានជំងឺសរសៃឈាមបេះដូងពីកំណើត ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីជួយកុមារ និងត្រូវការការវះកាត់បេះដូងពិតប្រាកដ បើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងការស្លាប់មុនអាយុ ឬការលូតលាស់មិនប្រក្រតី ។ ការវះកាត់បេះដូងគឺជាការងារដ៏ចាំបាច់ និង ស្មុគស្មាញដែលតម្រូវឱ្យមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រខ្ពស់ និង អ្នកឯកទេសខាងវេជ្ជសាស្ត្រដែលមានបទពិសោធន៍ ។
លើសពីនេះទៀត ការវះកាត់មានតម្លៃខ្ពស់ ជាពិសេសសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ ។ នេះជាមូលហេតុដែលមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើងដើម្បីធានាបានថា កុមារត្រូវបានព្យាបាលទាន់ពេលវេលាដោយកាត់បន្ថយផលវិបាក និង អត្រាមរណភាពស្របពេលដែលសុខភាពរបស់កុមារត្រូវបានលើកកម្ពស់ ។ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យបំរ៉ុងរ៉ាត់ បានដាក់ដំណើរការគម្រោងនេះជាបន្តបន្ទាប់ដើម្បីជួយដល់ក្មេងៗតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ។ រហូតមកដល់ពេលនេះ កុមារដែលមានជំងឺបេះដូងពីកំណើត ៧៧៧ នាក់នៅក្នុងប្រទេសថៃ បានទទួលការវះកាត់បេះដូងតាមរយៈគម្រោងនេះ ។
ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បន្ទាប់ពីគម្រោងនេះត្រូវបានបង្កើតឡើងបានយ៉ាងល្អនៅក្នុងប្រទេសថៃ ជំនួយត្រូវបានពង្រីកដល់បណ្តាប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និង វៀតណាម ។ ហើយនៅឆ្នាំនេះ ក្នុងឱកាសគម្រប់ខួប ៣៨ ឆ្នាំនៃការបង្កើតមន្ទីរពេទ្យបំរ៉ុងរ៉ាត់ យើងបានប្តេជ្ញាបន្តផ្តល់ដំណោះស្រាយរបស់យើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ។ ហើយដើម្បីបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាងថៃ និង កម្ពុជាតាមរយៈកម្មវិធីសុខភាពសាធារណៈ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនការវះកាត់បេះដូងដល់កុមារកម្ពុជា ចំនួន ៥ នាក់ដែលមានជំងឺបេះដូងពីកំណើតដើម្បីវះកាត់ព្យាបាលនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ក្នុងប្រទេសថៃ ។ ការវះកាត់នេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដែលអាចជួយសម្រួលដល់ស្ថានភាពលំបាករបស់មន្ទីរពេទ្យនៅកម្ពុជា» ។
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «គម្រោងនេះ គឺជាបេសកកម្មដ៏ល្អឧត្តុង្គឧត្តមជាទីបំផុត ។ គម្រោងនេះ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតក្មេងៗដែលមានជីវភាពក្រីក្រ និង អស់ក្តីសង្ឃឹមទាំងនេះប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង មិត្តភាពដ៏រឹងមាំរវាងប្រទេសថៃ និង ប្រទេសកម្ពុជាទៀតផងដែរ ។ គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនេះ គឺស្តែងឲ្យឃើញពីភាពជាក់ច្បាស់រវាង «បេះដូង និង បេះដូង» ពោលគឺបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសថៃមានចំពោះប្រទេស កម្ពុជា» ។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា បានលើកឡើងថា «យើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃគម្រោងដ៏អស្ចារ្យមួយនេះ និង បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលត្រូវការវះកាត់ជំងឺបេះដូង ។ នៅចំពោះមុខ អ៊ែរ អេស៊ា នឹងជួយដល់អ្នកជំងឺដែលបានជ្រើសរើសរួច រួមនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យបានធ្វើដំណើរតាមយន្តហោះដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺបេះដូង ។ នេះគឺជាតួនាទីដ៏មានអត្ថន័យសម្រាប់យើង ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែកជួយដល់អ្នកដែលមានតម្រូវការចាំបាច់នេះ» ។
ឯកឧត្តមសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះម្ចាស់ជំនួយ និង ដៃគូទាំងអស់នៃមូលនិធិនេះ ។ ខ្ញុំក៏សូមចូលរួមត្រេកអរផងដែរ ជាមួយនឹងកុមារដែលមានជំងឺបេះដូងពីកំណើតនេះ ដែលបានទទួលបានការវះកាត់នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ នៅប្រទេសថៃ ដោយឥតគិតថ្លៃ ដែលនេះជាជំនួយដ៏ធំសម្រាប់ប្រជាជនកម្ពុជា ។ នេះជាការចាប់ផ្តើមចូលរួមចំណែកដល់កុមារកម្ពុជាជាមួយមជ្ឈមណ្ឌលជំងឺបេះដូងភ្នំពេញ ដែលធ្លាប់បានជួយវះកាត់ និង ពិនិត្យព្យាបាលកុមារកម្ពុជាជាច្រើនមកហើយ ហើយគម្រោងនេះនៅតែត្រូវការដៃគូសហការយូរអង្វែងសម្រាប់អនាគត តទៅទៀត» ។
អំពី មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់៖
មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ក្នុងគោលបំណងផ្តល់ជូននូវការថែទាំសុខភាពដល់ប្រជាជនថៃ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបាននូវសេវាកម្មសុខភាពដោយឥតគិតថ្លៃ ចាប់ពីការពិនិត្យសុខភាពរហូតដល់ការវះកាត់សង្គ្រោះជីវិតសម្រាប់កុមារដែលមានជំងឺបេះដូង ហើយមូលនិធិនេះត្រូវបានដាក់ឈ្មោះថា មូលនិធិសប្បុរសធម៌ព្យាបាលជំងឺបេះដូង ។
អំពី មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់៖
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានបើកដំណើរការនៅឆ្នាំ ១៩៨០ ជាមន្ទីរពេទ្យឯកជនដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ។ នៅឆ្នាំ ២០០២ បំរ៉ុងរ៉ាត់ បានក្លាយជាមន្ទីរពេទ្យដំបូងបង្អស់នៅអាស៊ី ដែលត្រូវបាន ពិនិត្យ និង ទទួលស្គាល់ដោយគណៈកម្មការចម្រុះ ដែលជាផ្នែកមួយនៃស្ថាប័នដូចគ្នា ដែលទទួលស្គាល់ពីមន្ទីរពេទ្យនៅអាមេរិកផងដែរ ។ អ្នកជំងឺជាង ១ លាននាក់ មកពី ២០០ ប្រទេសផ្សេងៗគ្នា ត្រូវបានព្យាបាលជារៀងរាល់ឆ្នាំ ។ មន្ទីរពេទ្យនេះ ផ្តល់ជូននូវឯកទេសវេជ្ជសាស្ត្រ និង ឯកទេសរងចំនួនជាង ៨០ ជាមួយនឹងសេវាកម្មថែទាំសុខភាពល្អបំផុត ដែលមានអ្នកជំងឺសម្រាកនៅពេទ្យចំនួនជាង ៤០០ នាក់ និង អ្នកមកព្យាបាលជំងឺចំនួន ៣០០០ នាក់ជារៀងរាល់ថ្ងៃ ៕