ក្រុមហ៊ុន អ៊ី អេហ្វ ជី គ្រោងនឹងពង្រីកហាងរបស់ខ្លួនតាមផ្លូវសំខាន់ៗចេញពីក្រុងភ្នំពេញ
ក្រុមហ៊ុន អ៊ី អេហ្វ ជី បានបើកសម្ភោធសាខាថ្មីរបស់ ដឹ ភីហ្សា ខមផេនី ជាផ្លូវការមួយទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ (បឹងស្នោ) កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងទៅ ហើយនឹងគ្រោងពង្រីកហាងបន្ថែមទៀតនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងរយៈពេលដ៏ខ្លីខាងមុខ នេះបើយោងតាមប្រសាស៍របស់ លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី ។
លោកក៏បានបន្ថែមផងដែរថា ក្រុមហ៊ុន អ៊ី អេហ្វ ជី ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកចំណីអាហារដ៏ឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមកដល់សព្វថ្ងៃនេះក្រុមហ៊ុន បានពង្រីកសាខាសរុបរហូតដល់ ៥៧ ហាងគ្របដណ្ដប់នៅក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត និង ក្រុងកំពង់ចាម ហើយមានបុគ្គលិករហូតដល់ជិត ២០០០ នាក់បានមកបម្រើការក្នុងហាងរបស់ខ្លួន ជាពិសេសសម្រាប់ហាង ដឹ ភីហ្សា ខមផេនី មានសាខារហូតដល់ ២៦ ឯណោះ ។
ក្នុងនោះផងដែរលោកក៏បានបង្ហាញពីកត្តា ៣ សំខាន់ៗដែលធ្វើឲ្យហាង ដឹ ភីហ្សា ខមផេនី ទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ ទី ១ គឺនំភីហ្សាមានច្រើនរសជាតិ ច្រើនបែប និង មានមុខម្ហូបបន្ថែមចម្រុះ ២៩ មុខផ្សេងទៀត ដែលអតិថិជនអាចជ្រើសយករសជាតិ និង មុខម្ហូបដែលពួកគេពេញចិត្ដបានយ៉ាងងាយស្រួល ហើយអាហារទាំងនោះ គឺតម្រូវទៅតាមស្ដង់ដា និង មានសុវតិភាពចំណីអាហារខ្ពស់ ។ ទី ២ ការរៀបចំហាង និង បរិយាកាសនៅក្នុងហាង គឺមានភាពទាកទាញ និង ផ្ដល់ភាពងាយស្រួលដល់អតិថិជនមកញ៉ាំអាហារ ជជែកគ្នាជាលក្ខណៈមិត្ដភក្ដិ គ្រួសារ និង ការងារជាដើម ។ ទី ៣ គឺការផ្ដល់សេវាកម្មដ៏ល្អពីបុគ្គលិក និង ភាពងាយស្រួលក្នុងការចតយានយន្ដ ។ លោកក៏បានបង្ហើបថា ក្រុមហ៊ុន អ៊ី អេហ្វ ជី នឹងពង្រឹកហាងចំនួន ១០ បន្ថែមទៀត ក្នុងឆ្នាំក្រោយផងដែរ ។
គួររំឭកថា ក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) ដែលទទួលបានសិទិ្ធនាំចូលនូវផលិតផល និង សេវាកម្មល្បីៗ លើពិភពលោកជាច្រើនរួមមាន ៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) និង ហាង បាប៊ី ឃ្យូ ផ្លាហ្សា (Bar B Q Plaza) ៕