FedEx បង្ហាញវត្តមានដោយផ្ទាល់នៅកម្ពុជា ដើម្បីជួយអតិថិជនក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេស
FedEx Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FedEx Corp. (NYSE: FDX) និង ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយក្នុងពិភពលោកបានប្រកាសថា ខ្លួននឹងបង្កើតវត្តមានពាណិជ្ជកម្មដោយផ្ទាល់នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដឹកជញ្ជូនលក្ខណៈអន្តរជាតិរបស់ប្រទេសមួយនេះ។
ជាមួយនឹងវត្តមានដោយផ្ទាល់នៅក្នុងប្រទេស រាល់អាជីវកម្មទាំងអស់នៅកម្ពុជា នឹងទទួលបានលទ្ធភាពកាន់តែច្រើនជាមួយនឹងផលប័ត្រកាន់តែទូលំទូលាយនៃដំណោះស្រាយដឹកជញ្ជូនរបស់ FedEx ខណៈដែលអ្នកផ្តល់សេវាក្នុងស្រុកបន្តផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកដែលមានស្រាប់សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក។ អតិថិជនក្នុងស្រុក នឹងអាចចូលប្រើឧបករណ៍ឌីជីថលជាច្រើនប្រភេទរបស់ FedEx ដែលធ្វើឲ្យការដឹកជញ្ជូនកាន់តែងាយស្រួល និង មានប្រសិទ្ធភាពជាងមុនតាមរយៈគេហទំព័រ FedEx https://www.fedex.com/en-kh/home.html។ នេះគឺរួមបញ្ចូលទាំងការបើកគណនីថ្មី តាមដានស្ថានភាពនៃការដឹកជញ្ជូនតាមពេលវេលាជាក់ស្តែង បង្កើតវិក្កយបត្រដឹកជញ្ជូនតាមផ្លូវអាកាស ការកំណត់កាលវិភាគនៃការទទួលទំនិញ និង គ្រប់គ្រងវិក្កយបត្រជាដើម។
លើសពីនេះទៀត FedEx នឹងបង្កើតសមាជិកក្រុមផ្នែកលក់ និង សេវាកម្មបម្រើអតិថិជនដែលមានភាពសកម្មលើមូលដ្ឋានដឹកជញ្ជូនដើម្បីធ្វើអន្តរកម្ម និង ផ្តល់នូវជំនាញផ្នែកភស្តុភារកម្ម ក្នុងការជួយអាជីវកម្មក្នុងស្រុកឲ្យបង្កើនពាណិជ្ជកម្មឆ្លងប្រទេសរបស់ពួកគេបានកាន់តែប្រសើរឡើងបន្ថែមទៀត។
ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា កំពុងមានល្បឿនលឿនគួរឲ្យកត់សម្គាល់ ដោយការនាំចេញកើនឡើង 20% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់កើនដល់ 27 ពាន់លានដុល្លារក្នុងឆមាសទី 1 ឆ្នាំ 2022។
លោកស្រី Audrey Cheong អនុប្រធានប្រតិបត្តិការប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ FedEx Express បានឲ្យដឹងផងដែរថា ៖ «យើងមើលឃើញពីសក្តានុពលដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងការបង្កើនពាណិជ្ជកម្មឆ្លងប្រទេសរបស់ខ្លួន និង ទាញយកអត្ថប្រយោជន៍ពីឱកាសដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលថ្មីៗនេះ ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម ដើម្បីជំរុញការនាំចេញ។ ជាមួយនឹងការពង្រឹងលទ្ធភាពទទួលបានបណ្តាញដឹកជញ្ជូន និង ដំណោះស្រាយដ៏ល្អរបស់ FedEx អាជីវកម្មនៅកម្ពុជា នឹងមានភាពងាយស្រួលក្នុងការទាញយកទីផ្សារថ្មីៗ ស្របពេលដែលពួកគេអាចពង្រីកអាជីវកម្មទាំងក្នុងតំបន់ និង ជុំវិញពិភពលោក»។
លោក Hardy Diec នាយកគ្រប់គ្រង FedEx Express ប្រចាំតំបន់ឥណ្ឌូចិន បានលើកឡើងថា ៖ «ការពង្រីកវត្តមានដោយផ្ទាល់របស់យើងនៅកម្ពុជា អាចឱ្យយើងមានភាពកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់យើង និង ផ្តល់នូវការគាំទ្រកាន់តែច្រើនឡើងសម្រាប់តម្រូវការដឹកជញ្ជូនអន្តរជាតិរបស់ពួកគេ។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ FedEx ដែលផ្តល់សេវាខាងភស្តុភារកម្ម និង លទ្ធភាពទទួលបានផលប័ត្របន្ថែមនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិដែលបានកំណត់ពេលវេលាជាក់លាក់ យើងកំពុងធ្វើឱ្យការដឹកជញ្ជូនកាន់តែងាយស្រួលសម្រាប់អតិថិជនកម្ពុជា ខណៈដែលពួកគេសម្លឹងរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត»។
ក្រុមហ៊ុន FedEx បាន និង កំពុងជួយសម្រួលពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1994 មកម្ល៉េះ ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូន និង ការតភ្ជាប់ជាលក្ខណៈអន្តរជាតិតាមរយៈអ្នកផ្តល់សេវាក្នុងស្រុក TSP Express។ FedEx គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កម្ពុជាដែលមានចែងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម 2015 – 2025 របស់ខ្លួន ដើម្បីកសាងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសមួយនេះ។ វត្តមានផ្ទាល់របស់ FedEx នៅក្នុងប្រទេសនាពេលនេះ នឹងជួយឱ្យអាជីវកម្មក្នុងស្រុកកាន់តែមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងពង្រីកលទ្ធភាពរបស់ពួកគេទៅកាន់ជាង 220 ប្រទេស និង ដែនដីដែល FedEx ធ្វើប្រតិបត្តិការ៕
អំពីក្រុមហ៊ុន FedEx Express
FedEx Express គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏បំផុតមួយក្នុងពិភពលោកដែលផ្តល់នូវការដឹកជញ្ជូនលឿនរហ័ស និង គួរជាទីទុកចិត្តទៅកាន់ជាង 220 ប្រទេស និង ដែនដី។ FedEx Express ប្រើប្រាស់បណ្តាញដឹកជញ្ជូនផ្លូវអាកាស និង ផ្លូវគោក ដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូនតាមពេលវេលា តាមការកំណត់ និង កាលបរិច្ឆេទច្បាស់លាស់៕