Starbucks Cambodia អបអរបុណ្យណូអែលជាមួយនឹងកម្មវិធីសប្បុរសធម៌ «Give Good» (Edited)
កម្ពុជា, ថ្ងៃទី ២៤ វិច្ឆិកា ២០១៧ ៖ រដូវកាលឈប់សម្រាក គឺជាពេលវេលាជួបជុំគ្នា និង ធ្វើអំពើល្អ ។ សម្រាប់បុណ្យណូអែលឆ្នាំនេះ Starbucks Cambodia នឹងបន្តវប្បធម៌ចែករំលែកក្ដីស្រឡាញ់ដោយសហការជាមួយអង្គការមូលនិធិអាស៊ី (The Asia Foundation) នៅកម្ពុជា ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា «Give Good» ដើម្បីគាំទ្រដល់កម្មវិធី «តោះអាន!» ឬ «Let’s Read!» របស់អង្គការមូលនិធិអាស៊ី ។
«តោះអាន! ជាកម្មវិធីថ្នាក់តំបន់ដែលប្រមូលផ្ដុំអ្នកមានសមត្ថភាពក្នុងតំបន់ ដើម្បីបង្កើតជាសៀវភៅរឿងនិទានក្នុងគោលបំណងជំរុញឲ្យកុមារស្រឡាញ់ការអាន» នេះបើយោងតាមសម្តីរបស់លោកស្រី Meloney Lindberg ដែលជាអ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិអាស៊ី ។ «តាមរយៈការសហការជាមួយ Starbucks Cambodia យើងសង្ឃឹមថានឹងអាចពង្រីកការផលិត និង ចែកចាយសៀវភៅរឿងជាភាសាជាតិទៅកាន់សហគមន៍ដែលខ្វះខាត» ។
លោក ប៉ោ លីម ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia បានមានប្រសាសន៍ថា «សម្រាប់រដូវកាលនេះ យើងខ្ញុំចង់ជំរុញឲ្យអតិថិជនរបស់យើងចូលរួមធ្វើអំពើល្អ មិនថាតិចតួចយ៉ាងណាក្តី ។ យើងខ្ញុំមានកិត្តិយសដែលបានចាប់ដៃគូជាមួយអង្គការមូលនិធិអាស៊ី នៅក្នុងយុទ្ធនាការ «Give Good» ដើម្បីធ្វើឲ្យសហគមន៍យើងកាន់តែប្រសើរឡើង» ។ លោកក៏បានបន្ថែមទៀតថា «បើទោះបីជាអតិថិជនរកមើលជាវដបទឹកជាអំណោយក្តី ឬក៏ចំណាយតិចតួចក្តី តាមរយៈទង្វើនេះ អតិថិជនបានចូលរួមចំណែកគាំទ្រការអភិវឌ្ឈសហគមន៍ផងដែរ» ។
ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី ៣១ ខែធ្នូ អតិថិជនរបស់ Starbucks អាចចូលរួមកម្មវិធី «Give Good» បានតាមវិធី ២ យ៉ាង ៖
ដបទឹកសប្បុរសធម៌របស់ Starbucks + Let’s Read! (13$)
ការរចនាដបទឹកទាំងនេះ មានប្រភពចេញពីគំនូរក្នុងសៀវភៅរឿងដែលផលិតដោយកម្មវិធី «តោះអាន!» ដែលជាស្នាដៃរួមគ្នារវាងអ្នករចនា និង វិចិត្រករកម្ពុជា ។ ប្រាក់ចំណេញទាំងអស់នឹងត្រូវបានបរិច្ចាគទៅកម្មវិធី «តោះអាន!» សំរាប់ផលិតសៀវភៅបន្ថែមទៀត ។
ទុយោនំ Frappuccino® ($1)
នំស្រួយជាតិសូកូឡានេះ ជាទុយោដែលអតិថិជនអាចញ៉ាំបាន បន្ទាប់ពីប្រើវាសំរាប់បឺតភេសជ្ជៈ ។ រាល់លើការទិញទុយោនំ Frappuccino® មួយដើម Starbucks នឹងបរិច្ចាគ $1 ទៅឲ្យកម្មវិធី «តោះអាន!» ។
ក្រៅពីការរៃអង្គាសនេះ បុគ្គលិករបស់ Starbucks ក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាគសៀវភៅទៅឲ្យសាលាបឋមសិក្សានៅខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង ព្រមទាំងបានចូលរួមអានសៀវភៅរឿងឲ្យសិស្សានុសិស្សក្មេងៗទាំងនោះស្តាប់ទៀតផង ។ សៀវភៅរឿងចំនួន ៥០០ ក្បាល ដែលឧបត្ថម្ភដោយ Starbucks នឹងត្រូវបានចែកចាយដោយអង្គការមូលនិធិអាស៊ី ទៅបណ្ណាល័យតាមសាលានានានៅកម្ពុជា ដែលមានចំនួនប្រមាណជា ២៥ សាលា នៅក្នុងខេត្តចំនួន ៧ ។
អំពី Starbucks
ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុន Starbucks បានប្តេជ្ញាក្នុងការជ្រើសរើសកាហ្វេដែលមានប្រភពត្រឹមត្រូវ និង លីងគ្រាប់កាហ្វេអារាបីកាដែលមានគុណភាពខ្ពស់ ។ សព្វថ្ងៃនេះ តាមរយៈសាខានៅទូទាំងសកលលោក ក្រុមហ៊ុននេះ គឺជាអ្នកលក់ និង ចែកចាយគ្រាប់កាហ្វេឆ្នើមនៅលើពិភពលោក ។ ដោយសារការប្តេជ្ញាចិត្តមិនរាថយ និង ដោយគោរពតាមគោលការណ៍របស់យើង Starbucks បានផ្ដល់នូវបទពិសោធន៍ពិសេស ជូនដល់អតិថិជនគ្រប់រូប តាមរយៈកាហ្វេគ្រប់កែវ ។ ដើម្បីទទួលបាននូវបទពិសោធន៍នេះ សូមអញ្ជើញមកកាន់សាខារបស់យើង ឬ ចូលទៅកាន់គេហទំព័រ Starbucks.com និង Starbucks Newsroom ៕