ការប្រកួតបាល់ទាត់សប្បុរសធម៌ដំបូងបង្អស់របស់អង្គការផ្កាយសមុទ្រ បង្ហាញពីសកម្មភាពទំនួលខុសត្រូវសង្គម
ក្រុមហ៊ុនជាច្រើនរួមគ្នាដើម្បីគាំទ្រកុមារក្រីក្រនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ៖ អង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានធ្វើការជាមួយនឹងវិស័យអប់រំ យុវជន និង កីឡា ដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រ ជួបការលំបាក និង ក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ថ្មីៗនេះអង្កការផ្កាយសមុទ្រ បានរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ដំបូងបង្អស់ដោយជោគជ័យ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ការប្រកួតនេះបានបើកទទួលស្វាគមន៍យ៉ាងទូលំទូលាយដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌។ ក្រុមមកពីបណ្តាក្រុមហ៊ុននាៗក៏ដូចជាក្រុមបាត់ទាត់ផ្សេងៗទៀត។ នៅរាជធានីភ្នំពេញបានប្រកួតប្រជែងជាលក្ខណៈវិលជុំដើម្បីទទួលបានពានជ័យលាភីពានរង្វាន់សប្បុរសធម៌ដំបូងរបស់អង្គការផ្កាយសមុទ្រ។ ថវិកាដែលបានពីការប្រកួតនេះនឹងយកទៅទិញសម្ភារៈសិក្សា និង ជួយកុមារដែលមិនបានចូលរៀនឱ្យទទួលបានការអប់រំដ៏ត្រឹមត្រូវមួយ។
អ្នកស្រី ជួប វិច្ឆិកា អ្នកគ្រប់គ្រងប្រចាំប្រទេសនៃអង្គការផ្កាយសមុទ្រកម្ពុជាបានថ្លែងថា ៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ ក្រុមបាល់ទាត់ដែលបានចុះឈ្មោះចូលរួមប្រកួត និងអ្នកគាំទ្រទាំងអស់ដែលបានរួមចំណែកក្នុងកម្មវិធីនេះឲ្យទទួលបានជោគជ័យ និង សូមអរគុណជាពិសេសចំពោះ Coca-Cola, LDI Enterprises, Prime Cineplex, Lorenzo Lanzalame, Pacific Pasta Co., Fly Phnom Penh និងក្រុមហ៊ុនជាច្រើនទៀត សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់អ្នកចំពោះសកម្មភាពរបស់យើង»។
កម្មវីធីនេះបានបញ្ចប់ដោយ ក្រុមហ៊ុន Kofi Co. Ltd. បានទទួលមេដាយមាស ពានរង្វាន់ និង ប័ណ្ណសរសើរដែលពួកគេជាម្ចាស់ជើងឯកក្នុងពានរង្វាន់នេះ។ ក្រុម Bokor Senior ចំណាត់ថ្នាក់លេខ ២ បានទទួលមេដាយប្រាក់ និង ប័ណ្ណសរសើរ។ ក្រៅពីនេះ ក្រុមមិត្តយល់ចិត្ត និង យុវជនខ្មែរខ្លាំង ក៏បានទទួលប័ណ្ណសរសើរដូចគ្នាដោយពួកគេសិ្ថតក្នុងចំណាត់ថ្នាក់លេខ ៣ និង លេខ ៤។
គួរបញ្ចាក់ផងដែរ ពានរង្វាន់ការប្រកួតបាល់ទាត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រកម្ពុជាគឺជាឱកាស ពិសេសមួយក្នុងការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និង ជួយលើកកម្ពស់ការរស់នៅរបស់កុមារក្រីក្រនៅកម្ពុជា។ អង្គការផ្កាយសមុទ្រកម្ពុជា សង្ឃឹម និង ជឿជាក់ថា អង្គការ និង ក្រុមហ៊ុនកាន់តែច្រើននឹងចូលរួមគាំទ្រសកម្មភាពរបស់ពួកគេ និង គាំទ្រដល់សិទ្ធិទទួលបានការអប់រំរបស់កុមារ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way Public Relations
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
hello@twowaypr.com
www.twowaypr.com
អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាលដែលមានបទពិសោធន៍ ១៦ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ និងកីឡា ដើម្បីផ្លាស់ប្តូរជីវិត។ នៅប្រទេសកម្ពុជា យុវជនតិចជាង ៥ ភាគរយ នឹងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ភាពក្រីក្រដែលកុមារជាច្រើនរស់នៅមិនត្រឹមតែធ្វើឱ្យពួកគេបាត់បង់ពីកុមារភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានន័យថាពួកគេខកខានការសិក្សា និង បំណិនជីវិតដ៏សំខាន់ដែលត្រូវបានបង្រៀនតាមរយៈការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ និង សកម្មភាពលេងនៅសាលា។ តាមរយៈកម្មវិធីអប់រំរបស់យើង កម្មវិធីបាល់ទាត់ និង គម្រោងអភិវឌ្ឍន៍សហគមន៍ យើងកំពុងគាំទ្រកុមារជួបការលំបាកដើម្បីកសាងអនាគតដ៏ត្រចះត្រចង់៕