លោកជំទាវ ម៉ៅ ចំណាន ផ្តល់ជំនួយជិត 30.000 ដុល្លារអមេរិក ដល់អង្គការអាហ្វេស៊ីបកម្ពុជា
លោកជំទាវ ម៉ៅ ចំណាន និង ក្រុមគ្រួសារ បានចុះសួរសុខទុក្ខកុមារី និង យុវនារីនៃអង្គការអាហ្វេស៊ីបកម្ពុជា ហើយបរិច្ចាគថវិកា និង សម្ភារសិក្សាមួយចំនួន។
លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បាននាំបុត្រាបុត្រី បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង សប្បុរសជនដទៃទៀត ទៅជួបសំណេះសំណាល និង ស្វែងយល់អំពីបញ្ហាប្រឈមដែលកុមារី និង យុវនារីបានជួបប្រទះ និង ការឧបត្ថម្ភគាំទ្រផ្សេងៗដែលអង្គការអាហ្វេស៊ីបកម្ពុជា ផ្តល់ជូនពួកគេ។
លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក និង នាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា បានចែករំលែកប្រវត្តិនៃអង្គការ និង ការខិតខំប្រឹងប្រែងក្នុងការជួយកុមារឲ្យទទួលបានការអប់រំកាន់តែប្រសើរ។
លោកស្រី ម៉ម សុម៉ាលី បានមានប្រសាសន៍ ៖ «តាងនាមឲ្យបុគ្គលិក កុមារី ព្រមទាំងយុវនារី ដែលជាជនរងគ្រោះ និង អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ រំលោភបំពានផ្សេង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ម៉ៅ ចំណាន និង ក្រុមគ្រួសារ ដែលបានមកធ្វើទស្សនកិច្ចនៅមណ្ឌលស្តារនីតិសម្បទា អង្គការអាហ្វេស៊ីបកម្ពុជា និង បាននាំយកមកជាមួយជំនួយជិត 30 000 ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអប់រំ និង ប្រតិបត្តិការរបស់អង្គការអាហ្វេស៊ីបកម្ពុជា។ អង្គការអាហ្វេស៊ីបកម្ពុជាមិនអាចបន្តបេសកកម្មរបស់ខ្លួនឡើយបើគ្មានការគាំទ្រពីម្ចាស់ជំនួយនីមួយៗ និង អ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាដើមនោះទេ។ យើងរួមគ្នាដើម្បីបញ្ចប់ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និង ការរំលោភបំពានផ្សេងៗ»។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ម៉ៅ ចំណាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ដែលអង្គការអាហ្វេស៊ីបកម្ពុជាបានរួមចំណែកដល់សហគមន៍។ «ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអាហ្វេស៊ីបកម្ពុជា និង បុគ្គលិកទាំងអស់ក្នុងការជួយកុមារដែលជួបការខ្វះខាត។ សកម្មភាពទាំងនេះពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះសហគមន៍របស់យើង ហើយផ្តល់ជាគំរូដ៏ល្អសម្រាប់ឲ្យអ្នកដទៃធ្វើអំពើល្អៗផងដែរ»។ កុមារគឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ពួកគេត្រូវការការថែទាំរបស់យើង និងការអប់រំដ៏ល្អមួយ»។
លោកជំទាវ ម៉ៅ ចំណាន បានលើកទឹកចិត្តដល់កុមារី និង យុវនារីដែលនៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជាឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានការងារល្អនាពេលអនាគត និង អាចផ្គត់ផ្គង់គ្រួសារ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
លោកជំទាវ ម៉ៅ ចំណាន និង ក្រុមគ្រួសារបានបរិច្ចាគជាថវិកាចំនួន 10 000 ដុល្លារអាមេរិក ឧបត្ថម្ភអាហារូបករណ៍ដែលមានតម្លៃ 12 000 ដុល្លារអាមេរិក និង សម្ភារសិក្សាដល់អង្គការអាហ្វេស៊ីបកម្ពុជាដើម្បីអបអរសាទរឆ្នាំថ្មីជាមួយកុមារី និង យុវនារី ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់ពួកគាត់។ នៅចុងបញ្ចប់នៃដំណើរទស្សនៈកិច្ច លោកជំទាវ ម៉ៅ ចំណាន បានរៀបចំអាហារថ្ងៃត្រង់ពី KFC ឲ្យកុមារី និង យុរនារី ផងដែរ។
លោកជំទាវ ម៉ៅ ចំណាន ដែលជាអគ្គនាយិកាប្រតិបត្តិការនៃធនាគារ វីង និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លាដើម្បីឲ្យមានភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការ ហើយបានធ្វើការងារជាច្រើនដើម្បីកសាងវប្បធម៌សាជីវកម្មប្រកបដោយសមភាព និង ការគោរពទៅវិញទៅមក។
ចាប់តាំងពីលោកជំទាវ ម៉ៅ ចំណាន បានចូលបម្រើការងារកាល 2016 ធនាគារ វីង ទទួលបានពានរង្វាន់ជាច្រើនចំពោះកិច្ចការអាជីវកម្ម និង ការងារសង្គម រួមមាន ៖ ពានរង្វាន់ធុរកិច្ចអាស៊ានប្រចាំឆ្នាំ (ABA) និង ពានរង្វាន់ AmCham Cambodia 2021 CSR Excellence Award ជាដើម៕