គ្រូកំពង់ស្ពឺ សង្ឃឹមដល់ ៧០% យកឈ្នះលើក្រុមសៀមរាប បានវគ្គ Semi-Final Slamball
គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត មានសង្ឃឹមដល់ទៅ ៧០% ទៅ ៨០% ឯណោះ ក្នុងការយកឈ្នះលើក្រុមដំរីសៀមរាបបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball ។
បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រួលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និង ទូច អង្គរក្ស នោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាប ដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និង ឡាំយ៉ៃបីកាំបិត ជាដើម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ នេះ នៅតារាងឆាស្មីតកំពង់ស្ពឺ វេលាម៉ោង ៤ ល្ងាច។
មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបានអះអាងថា ក្រុមរបស់លោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះប្រកួតនេះ ដោយមានដល់ទៅ ៧០% ឯណោះ។ ការសង្ឃឹមច្រើន ក៏ព្រោះតែក្រុមរបស់លោកយល់ច្បាស់ពីក្រុមសៀមរាប ហើយក៏មានស្មាត់ផ្ដាច់បានល្អផងដែរ។ ខណៈដែលកីឡាករគ្រោះថ្នាក់ដែលលោក សាមីត មើលឃើញក្នុងក្រុមសៀមរាប មានតែអ្នកប៉ះសេ ឆ្លាំង មួយទេ ដែលជំនាញខាងចែកបាល់បានល្អ។
ស្របពេលជាមួយសម្ដីរបស់លោក ស្មីត នេះដែរ ខាងក្រុមសៀមរាបឯណោះវិញក៏មានសង្ឃឹមដូចគ្នា។ ឡាំយ៉ៃបីកាំបិត ដែលជាកីឡាករពូកែលេងផ្លែសេវា បានអះអាងថាលេងបាល់ផ្លូវការបែបនេះគឺក្រុមរបស់លោកមានសង្ឃឹមច្រើនដែរ។ ដោយលោកគិតថា បើលេងផ្លូវការរបៀបនេះ ក្រុមដំរីសៀមរាបរបស់ខ្លួនអាច ១០ ហើយក្រុមពង្រួលកំពង់ស្ពឺបានត្រឹមតែ ៩ អីទេ។
សូមបញ្ជាក់ថា មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Slamball នេះ ក្រុម ៤ ដែលនៅសល់រួមមាន ពង្រួលកំពង់ស្ពឺ ដំរីសៀមរាប មាន់ជល់កំពង់ចាម និង ត្រីឆ្លាំងភ្នំពេញ។ ដោយការប្រកួត គឺពង្រួលកំពង់ស្ពឺ ប៉ះដំរីសៀមរាប និង មាន់ជល់កំពង់ចាម ប៉ះត្រីឆ្លាំងភ្នំពេញ៕