កម្ពុជាបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពមាតា និង ទារក តាមរយៈសមាគមគ្រូពេទ្យទារកកម្ពុជា
ភ្នំពេញ, ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ៖ សមាគមគ្រូវពេទ្យទារកកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លួវការនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមជាគណអធិបតីកិត្តិយសពីឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និង ឯកឧត្តមលោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុប្បដ្ឋយិការ ពេទ្យ ធ្មប និង និស្សិត មកពីមន្ទីរពេទ្យស្ថាប័ន និង សកលវិទ្យាល័យវេជ្ជសាស្ត្រសំខាន់ៗជាច្រើននាក់ រួមជាមួយវាគ្មិនកិត្តិយសដែលមកពីប្រទេសបារាំង និង អាល្លឺម៉ង់ផងដែរ ។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ដែលជាប្រធានសមាគមគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ ក្នុងការថ្លែងសុន្ទរកថាស្វាគមន៍ថា «សមាគមគ្រូពេទ្យកម្ពុជា ជាសមាគមដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញខាសម្ភព និង គ្រូពេទ្យជំនាញខាងកុមារ និង ទារក ក្រោមគោលបំណង ៣ សំខាន់ៗគឺ ៖
១- បង្កើតឱ្យមានទំនាក់ទំនងជិតស្និតរវាងគ្រូពេទ្យម្តាយ (សម្ភព) និង គ្រូពេទ្យកុមារ និង ទារក (កូន) ។
២- លើកម្ពស់សុខភាពម្តាយ និង កូន ដោយបង្កើនការចេះដឹងផ្នែកថែទាំព្យាបាលទារកតាមរយៈវគ្គបណ្តុះបណ្តាលបន្ត សិក្ខាសិលា សន្និសីទ ដេលមានគ្រួពេទ្យជំនាញមកពីក្នុង និង ក្រៅប្រទេសមកចែករំលែកបទពិសោធន៍ ។
៣- បង្កើតឱ្យមានគោលការណ៍ណែនាំថ្នាក់ជាតិ ក្នុងការអនុវត្តថែទាំទារកតែមួយ ។
បេសកម្មរបស់សមាគមគ្រូពេទ្យទារកកម្ពុជា គឺចូលរួមធានានិរន្តរ៍ភាពសង្គមក្នុងកាត់បន្ថយអត្រាមរណៈរបស់ទារកទើបកើត តាមរយៈសកម្មភាពដែលចុលរួមដោយគ្រូពេទ្យជំនាញជាច្រើនក្នុងពេលខាងមុខ» ។ សូមបញ្ជាក់ផងដែរថា អង្គពិធីទាំងមូលមានរយៈពេលមួយថ្ងៃពេញ ដែលមានការធ្វើបទបង្ហាញដោយវាគ្មិនក្នុង និង ក្រៅប្រទេសចំនួន ៩ នាក់ ក្រោមប្រធានបទ «ការបង្ការការសម្រាលមុនខែ» ៕