PNN ប្រកាសបានសិទ្ធិផលិតប្រលោមលោកល្បីជាងគេរបស់ Sabay
ប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលបានការពេញនិយមខ្ពស់បំផុតកាលពីឆ្នាំ ២០១៤ ពេលនេះកំពុងស្ថិតនៅក្នុងដៃក្រុមផលិតកម្មវិធីរបស់ទូរទស្សន៍ PNN ហើយ ។ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ដែលនាំមុខគេផ្នែកភាពយន្តក្នុងស្រុកបានអះអាងថា រឿងភាគទូរទស្សន៍មួយថ្មីនេះ គឺជាការបំបែកប្រវត្តិថ្មីមួយទៀតសម្រាប់ PNN ក៏ដូចជាវិស័យភាពយន្តវីដេអូទាំងមូលនៅឆ្នាំ ២០១៨ ។
«យើងបានសិក្សាច្បាស់លាស់ ធ្វើអង្កេត សាកសួរ ស្ទង់មតិមុនពេលសម្រេចជ្រើសរើសរឿងប្រលោមលោកមកធ្វើជារឿងភាគខ្នាតធំប្រចាំឆ្នាំ! «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាវណ្ណកម្មដ៏ពិសេសបង្ហាញពីការរស់នៅរបស់សង្គមអភិជន ទំនាស់រង្វង់ពាណិ ជ្ជកម្ម និង ស្មោះត្រង់កម្ររកនៃមិត្តភាពដែលជាវត្ថុដ៏មានតម្លៃសម្រាប់ជូនទស្សនិកជនសិក្សា ពិចារណាផ្លាស់ប្តូរការប្រព្រឹតិ្តជាវិជ្ជមាន» នាងបញ្ជាក់បន្ថែមទៀតថា PNN កំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកផលិតស័ក្តិសម ដែលអាចធ្វើយ៉ាងណាឆ្លើយតបទៅនឹងអ្នកគាំទ្ររាប់លាននាក់ដែលអានជក់ចិត្តនឹងរឿងនេះកាលនៅជាប្រលោមលោក ។
PNN គឺជាប្រភពសោតទស្សន៍ដែលមានកម្មវិធីកម្សាន្តសម្បូរបែបជាងគេមួយ ដែលដាក់ការវិនិយោគទ្រង់ទ្រាយធំ និង ជាក់លាក់លើការលើកកម្ពស់ភាពយន្តវីដេអូខ្មែរ ក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធខ្មែរពិត ។ ចំណែកប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» គឺជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានភាពយន្តរឿង «ស្រទន់មន្តស្នេហ៍» ដ៏ល្បីត្រូវបានផលិតនៅឆ្នាំ ២០១៧ ។ អ្នកនិពន្ធរូបនេះបានឱ្យដឹងថា PNN គឺជាគោលដៅសម្រាប់ការសហការផលិតរឿង ហើយការផ្តល់សិទ្ធិទៅឱ្យទូរទស្សន៍នេះគឺជាមោទនភាពធំមួយសម្រាប់អ្នកនិពន្ធខ្មែរ ។ «ខ្ញុំតែងតែចង់ឃើញប្រលោមលោករបស់ខ្ញុំផលិតជាវីដេអូហើយចរាចរណ៍គ្រប់បុស្តិ៍ ព្រោះនេះជាការនាំស្នាដៃយើងទៅដល់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ! ក្នងចំណោមនោះ PNN ជាស្ថាប័នមួយឱ្យតម្លៃស្នាដៃអ្នកនិពន្ធក្នុងស្រុកហើយមានឆន្ទះក្នុងការលើកស្ទួយវិស័យនេះជាមួយនឹងទំហំវិនិយោគគួរឱ្យទុកចិត្ត ! យើឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារទម្រាំសម្រេចថា យើងត្រូវតែពុះពារគ្រប់ឧបសគ្គហើយធ្វើឱ្យរឿងដ៏ធំមួយថ្មីនេះចេញរូបរាងឡើងឱ្យខាងតែបាន !»
«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មិនធ្លាប់បានបោះពុម្ពជាសៀវភៅម្តងណាឡើយប៉ុន្តែការអាននៅប្រលោមលោក Sabay មានកំណត់ត្រាជាង ៣ លានដង ហើយក៏ជារូបបារម្មណ៍ពិសេសមិនធ្លាប់មានក្នុងចំណោមប្រលោមលោកក្នុងស្រុក ។ ខ្សែរឿងនេះពណ៌នាអំពីសង្គមពាណិជ្ជកម្ម និង វិស័យធនាគារ ព្រមទាំងអាថ៌កំបាំងក្នុងក្រុមគ្រួសារអ្នកមានប្រាក់មានអំណាចដែលបង្កើតឆាកល្ខោនគ្រប់បែបយ៉ាងព្រោះតែគម្រោងការផ្ទាល់ខ្លួន ។
កញ្ញា ទូច បុប្ផា បន្ថែមថា ផលិតករជាច្រើនបានអានរឿងនេះហើយទទួលស្គាល់ថា ជាការផលិតដ៏លំបាកត្រូវការក្រុមមនុស្សច្រើនហើយមានសមត្ថភាពខ្ពស់ ត្រូវការថវិការធំ និង ពេលវេលាវែង ។ «PNN បានសម្រេចចិត្តថា នឹងប្រឹងអស់លទ្ធភាពធ្វើយ៉ាងណាឱ្យកុនខ្មែរមិនចាញ់ស្នាដៃមកពីបរទេសនោះឡើយ !» ៕