សិក្ខាកាម ៨០ នាក់ ជោគជ័យក្នុងការបញ្ចប់ការសិក្សាវគ្គ Samsung Tech Institute ជំនាន់ទី ៤ ដែលជាវគ្គបណ្តុះបណ្តាលអេឡិចត្រូនិកទំនើបបំផុត
ភ្នំពេញ, ថ្ងៃទី ២៩ វិច្ឆិកា ២០១៧៖ សិក្ខាកាមចំនួន ៨០ នាក់បានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ ទី ៤ ដែលឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង និង ធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកបានមាន ប្រសាសន៍ថា គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់ សិស្ស អំពីទ្រឹស្តី និង ការអនុវត្ត ជាមួយនឹងផលិតផលអេឡិចត្រូនិកទំនើបៗដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក ។ លោកបានបន្តថា «នៅក្រុមហ៊ុនសាមសុង យើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួមក្នុងការអភិវឌ្ឍសង្គម សម្រាប់ភាពរីកចម្រើនក្នុងសហគមន៍ ។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍសង្គម» ។
លោក គឹម វណ្ណី អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមធ្វើឡើងនៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៤ មក នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការជួសជុល បង្គុំ និង ដំណោះស្រាយ បញ្ហានៃគ្រឿងអេឡិចត្រូនិក រួមមាន៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរស័ព្ទដៃ និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងបច្ចេកវិទ្យាថ្មីៗទៀត ។ លោកបានបន្តថា «បើប្រៀបធៀបកាលពីឆ្នាំមុនៗ វគ្គបណ្តុះបណ្តាល Samsung Tech Institute IV បានទាក់ទាញសិស្សច្រើនជាងមុន ។ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលដ៏គួរឲ្យកក់សម្គាល់ក៏ដូចជា ការតាំងចិត្តខិតខំព្យាយាមលើការសិក្សារបស់សិស្ស និស្សិត ដើម្បីសម្រេចបាននូវគោលដៅ និង ក្តីសុបិន្តរបស់ពួកគេ» ។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការតាំងចិត្តរបស់ក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ។ លោកថ្លែងថា «សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះ នៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមជួយសង្គម» ។
សោម សីហា ជាសិស្សដែលបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី ៤ បានឲ្យដឹងថា គាត់ស្រឡាញ់វិស័យអេឡិចត្រូនិក និង មានបំណងចង់បើកមុខរបរផ្ទាល់ខ្លួនទៅថ្ងៃអនាគត ។ សិស្សវ័យ ២២ ឆ្នាំរូបនេះបានថ្លែងថា «ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ ដើម្បីពង្រឹងជំនាញរបស់ខ្ញុំ ព្រោះខ្ញុំក៏ធ្លាប់រៀនជំនាញអេឡិចត្រូនិកនេះខ្លះៗពីមុនមកដែរ» ។ «ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំមានជំនឿចិត្តក្នុងការប្រើប្រាស់ជំនាញរបស់ខ្ញុំ ដើម្បីបើកកន្លែងជួសជុលឧបករណ៌អេឡិចត្រូនិក ដូចជាទូទឹកកក ម៉ាស៊ីនត្រជាក់ ទូរស័ព្ទដៃ ផងដែរ» ៕