គូបូតា បរិច្ចាគកាបូបសិស្ស និង សម្ភារសិក្សាចំនួន ២ ម៉ឺនឈុតក្នុងកម្មវិធី «Kubota Sharing The Future»
ឆ្នាំនេះគឺជាឆ្នាំទី ៤ ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌របស់ខ្លួន ដែលមានឈ្មោះថា “Kubota Sharing The Future” ដែលក្នុងឆ្នាំទី ៤ នេះគូបូតា បានបរិច្ចាគកាបូប និង សម្ភារសិក្សាសិស្សចំនួន ២០០០០ ឈុត មានតម្លៃជាង ៩ ម៉ឺនដុល្លា ដែលព្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបង ។ កម្មវិធីសប្បុរសធម៌នេះជាផ្នែកមួយនៃការអភិវឌ្ឍន៍ និង ការទទួលខុសត្រូវក្នុងសង្គម ដែលមានបំណងជួយដល់កុមារដែលខ្វះខាតនៅតាមជនបទដាច់ស្រយ៉ាលទូទាំងប្រទេសកម្ពុជាអោយមានជីវិតកាន់តែប្រសើរឡើង ។
លោក ភីសានុ មីលីនតានុស អគ្គនាយករងទទួលបន្ទុកផ្នែកលក់ និង សេវាកម្ម នៃទីស្នាក់ការធំក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បានមានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុន ស្យ៉ាមគូបូតា គឺមិនត្រឹមតែសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងយន្តកសិកម្មប៉ុណ្ណោះទេ ថែមទាំងសន្យាបន្តកម្មវិធីសប្បុរសធម៌ដើម្បីជួយដល់សង្គមផងដែរ ។ ហេតុដូច្នេះហើយបានជាគូបូតាបានបង្កើតកម្មវិធី “Kubota Sharing The Future” នេះអស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដែលបានជួយដល់វិស័យអប់រំ និង យុវជន ជាក់ស្តែងគឺការបរិច្ចាគកាបូប និង សម្ភារសិក្សាដល់កុមារកម្ពុជាដែលខ្វះខាតជាច្រើនម៉ឺននាក់ ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌មួយនេះទទួលបានជោគជ័យយ៉ាងធំធេងក្នុងរយះពេល ៣ ឆ្នាំចុងក្រោយនេះ ដែលសម្ភារសិក្សាត្រូវបានផ្តល់ទៅដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ ដែលបានជួយជ្រោមជ្រែងក្នុងការសិក្សារបស់ពួកគេបានយ៉ាងច្រើនគួរអោយកត់សម្គាល់ ។ ទោះបីយ៉ាងណាក៏ដោយ នៅមានតំបន់ជាច្រើនទៀតដែលនៅខ្វះខាត ដូច្នេះហើយបានជា គូបូតា បន្តធ្វើកម្មវិធីនេះក្នុងឆ្នាំនេះដែលជាឆ្នាំទី ៤។ កាបូប និង សម្ភារសិក្សាសិស្សចំនួន ២ ម៉ឺនឈុតត្រូវបានបរិច្ចាគ ដែលផ្តល់ជូនមន្ទីរអប់រំខេត្តបាត់ដំបងចំនួន ៥០០០ ឈុត និង ១៥០០០ ឈុតទៀតផ្តល់ជូនភ្នាក់ងារចែកចាយគូបូតា ដើម្បីបរិច្ចាគដល់កុមារខ្វះខាតជាច្រើនខេត្តទូទាំងប្រទេស ។
លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា ក្នុងឆ្នាំ ២០១៨នេះ កម្មវិធី “Kubota Sharing The Future” មានទិសដៅបរិច្ចាគកាបូប និង សម្ភារសិក្សា ចំនួន ៤៩០០០ ឈុត ដែលផ្តល់ដល់កម្ពុជាចំនួន ២០០០០ ឈុត ភូមាចំនួន ១៦០០០ ឈុត និង ឡាវចំនួន ១៣០០០ ឈុត ។ ការផ្តល់ជូននេះតាមរយៈភ្នាក់ងាររដ្ឋាភិបាល និង ភ្នាក់ងារចែកចាយគូបូតាក្នុងប្រទេសនីមួយៗ ដើម្បីបរិច្ចាគទៅដល់កុមារ និង យុវជនដែលកំពុងខ្វះខាត ។
ចាប់តាំងពីក្រុមហ៊ុនគូបូតាកម្ពុជាត្រូវបានបង្កើតមក គូបូតា មិនត្រឹមតែរៀបចំកម្មវិធី “Kubota Sharing The Future” នោះទេ តែក៏បានបង្កើតមជ្ឈមណ្ឌលអប់រំបចេ្ចកទេសគូបូតា (KUBOTA Technical Education Center (KTEC) ដែលក្រោមកិច្ចសហប្រតិបត្តិការណ៏ជាមួយវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង និង សាកលវិទ្យាល័យមានជ័យ ដែលនឹងអាចអោយសិស្សនិស្សិតសិក្សាពីគ្រឿងយន្តកសិកម្មដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យកសិកម្មនៅពេលអនាគត ៕