អ្នកស្រី Kinnie Cheung ផលិតករភាពយន្តហុងកុង រឿង “As It Burns” បាននិយាយថា ប្រទេសកម្ពុជាពិតជាល្អណាស់… (មាន Video)
រាជធានីភ្នំពេញ៖ កម្មវិធីសម្ពោធជាផ្លូវការ “បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” ហៅជាភាសាអង់គ្លេស “Hong Kong Film Gala Presentation” ដែលបានប្រព្រឹត្តឡើងនៅកម្ពុជាជាលើកដំបូងគេបង្អស់កាលពីថ្ងៃទី 3 កក្កដា ឆ្នាំ 2024 ក្នុងទីតាំង Factory Phnom Penh ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យផលិតភាពយន្ត និងមានវត្តមានអ្នកផលិតភាពយន្ត ព្រមទាំងភ្ញៀវកិត្ដិយសជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញចូលរួម។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកស្រី Kinnie Cheung ដែលត្រូវបានគេស្គាល់ថាជាផលិតករភាពយន្តហុងកុង As It Burns និងជាប្រធានទូទៅនៃក្រុមហ៊ុន Entertaining Power HK បានបង្ហាញពីអារម្មណ៍រីករាយក្នុងការមកចូលរួមកម្មវិធីនេះនៅប្រទេសកម្ពុជាជាលើកដំបូង គាត់បាននិយាយថា៖ «ខ្ញុំរីករាយ ហើយខ្ញុំមកកម្ពុជាលើកដំបូង ខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជាពិតជាល្អណាស់ ព្រោះមុននឹងមក ក៏មិនដឹងថាយ៉ាងណា ពេលមកដល់់មែនទែន មានអារម្មណ៍ថាទីនេះល្អណាស់»។ នៅពេលសាកសួរពីការងារក្នុងវិស័យភាពយន្ត អ្នកស្រី Cheung បានប្រាប់មកកាន់អ្នកសម្ភាសន៍ថា៖ «តំណែងផលិតករ និងជាប្រធានទូទៅ សុទ្ធតែរវល់ ហើយវាដូចជាការនិពន្ធស្គ្រីប យើងត្រូវត្រៀមមុនគឺតាំងពីចាប់ផ្ដើម យើងច្នៃប្រតិដ្ឋ និងធ្វើខ្លួនឯង និងទៅបង្កើតក្រុមការងារថត ហើយកិច្ចការនៅការិយាល័យ ខ្ញុំត្រូវគ្រប់គ្រងថវិកា ហើយការផ្សព្វផ្សាយភាពយន្តក៏ខ្ញុំធ្វើ»។
លើសពីនេះ អ្នកស្រី Cheung បានរៀបរាប់ពីគម្រោងផលិតភាពយន្តថ្មីៗបន្ថែមទៀត បូករួមទាំងការថតភាពយន្តបែបវាយតប់ ហើយកាន់តែពិសេស និងគួរឱ្យរំភើបសម្រាប់អ្នកស្រីនោះគឺ គម្រោងផលិតភាពយន្ត អ្នកប្រយុទ្ធរាត្រី: ជញ្ជំាងក្រុងកៅឡុង (Twilight of the Warriors: Walled In) វគ្គ2 និង វគ្គ3។ ចំពោះអ្នកធ្លាប់បានទស្សនាភាពយន្តនេះកាលពីវគ្គ1 សុទ្ធតែសរសើរថាល្អមើលខ្លាំង ដោយភាពយន្តហុងកុងដ៏ល្អឯកមួយនេះសម្បូរទៅដោយឈុតវាយដំកាប់ចាក់យ៉ាងជក់ចិត្តដិតអារម្មណ៍ អមជាមួយនឹងទេសភាពក្រុងកៅឡុងថែមទៀតផង។
ទស្សនាកិច្ចសម្ភាសន៍ពេញជាមួយអ្នកស្រី Kinnie Cheung តាមរយៈ link ខាងក្រោម៖
https://www.facebook.com/ohwowmediacambodia/videos/1654954595255217
ក្រៅពីការសម្ពោធ និងចាក់បញ្ចាំងភាពយន្តហុងកុង កម្មវិធីនេះក៏មានការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition ដែលបង្ហាញពី ឈុតឆាកគួរឱ្យទាក់ទាញពីភាពយន្តល្បីៗរបស់ហុងកុងទាំង7 អាចឱ្យអ្នកចូលរួមថតរូបដោយសេរី និងឥតគិតថ្លៃ។ សម្រាប់ការតាំងបង្ហាញនេះធ្វើឡើងចាប់ពីថ្ងែទី 3 កក្កដា រហូតដល់ថ្ងៃទី 4 សីហា ឆ្នាំ 2024 ដែលមានទីតាំងនៅ Factory Phnom Penh។ ចុះអ្នកអានវិញ ចាំអង្កាល់ទៀត? នៅសល់មិនច្រើនថ្ងៃទៀតទេ កុំភ្លេចទៅថតរូបជាមួយឈុតដែលបានតាំងបង្ហាញដូចក្នុងភាពយន្តហុងកុងពិតៗ ហើយបើអ្នកចូលចិត្តថតរូបនៅកន្លែងប្លែកៗវិញ បានទៅដល់ដឹងតែពេញចិត្តស្ដូកតែម្ដង!