ការណាត់ជួបជាមួយ ប៉ុល ពត៖ ជ្រុងមួយនៃប្រវត្តិសាស្រ្តកម្ពុជា
ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត «ការណាត់ជួបជាមួយ ប៉ុល ពត»។
នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី «ការណាត់ជួបជាមួយ ប៉ុលពត» របស់លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជនទៅកាន់ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែតបារាំងចំនួន៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក Paul Thomas (សម្តែងដោយលោក Cyril Guei) បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដែលជាដំណើរទស្សនៈកិច្ចមួយមិនមានអ្នកណាផ្សេងធ្វើបាននោះឡើយ។
ដោយទទួលបានការអញ្ជើញពីក្រុមខ្មែរក្រហមដើម្បីធ្វើបទសម្ភាសជាមួយមេដឹកនាំរបស់ពួកគេគឺលោក ប៉ុល ពត នៅក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៧៨ អ្នកកាសែតទាំងបីរូបបានជាប់ផុងខ្លួននៅក្នុងសំណាញ់នៃការបោកបញ្ឆោត និងគ្រោះថ្នាក់ជាច្រើន។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង ដែលបានឧបត្ថម្ភគាំទ្រជាច្រើនដល់ការផលិតខ្សែភាពយន្តនេះបានលើកឡើងថា៖ «ពលរដ្ឋខ្មែរគ្រប់រូបគួរតែទស្សនាខ្សែភាពយន្តនេះ ដ្បិតថាភាពយន្តនេះមានតម្លៃជាប្រវត្តិសាស្រ្ត និងដំណើរសាច់រឿងគួរជាទីចាប់អារម្មណ៍ជាច្រើន។ មានតែការឈ្វេងយល់ពីអតីតកាលប៉ុណ្ណោះ ទើបអាចជួយត្រួសត្រាយផ្លូវរបស់យើងទៅអនាគតឱ្យកាន់តែប្រសើរ»។
ដោយមានការដកស្រង់ចេញពីស្នាដៃនិពន្ធសៀវភៅប្រវត្តិសាស្រ្ត «នៅពេលដែលសង្រ្គាមរលត់ទៅ» របស់អ្នកកាសែតអាមេរិកដ៏ល្បីឈ្មោះគឺលោកស្រី Elizabeth Becker ស្នាដៃភាពយន្តនេះបានទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ចាប់តាំងពីខ្សែភាពយន្តនេះត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងជូនភ្ញៀវអន្តរជាតិនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកាននាពេលកន្លងមកម្ល៉េះ។ ក្រោយទទួលបានភាពជោគជ័យក្នុងការចាក់បញ្ចាំងជាង ២៨០ រោងភាពយន្តរួចមកនៅក្នុងប្រទេសបារាំង ឥឡូវខ្សែភាពយន្តនេះចាប់ផ្តើមចាក់បញ្ចាំងនៅកម្ពុជាហើយ ដែលនឹងអនុញ្ញាត្តឱ្យទស្សនិជនស្លុងអារម្មណ៍ទៅកាន់ព្រឹត្តិការណ៌ដ៏សំខាន់មួយនៃអតីតកាលរបស់កម្ពុជា។
លោក ប៉ាន់ រិទ្ធី បានលើកឡើងថា៖ «តាមរយៈខ្សែភាពយន្តមួយនេះ ខ្ញុំបានព្យាយាមរំលេចនូវសាច់រឿងដែលមិនត្រូវបានគេលើកមកបរិយាយ ហើយត្រូវបានលាក់ទុកក្នុងជម្រៅចិត្ត ក៏ដូចជាការឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃមនុស្សជាតិរបស់យើង»។
លោក ប៉ាន់ រិទ្ធី បរិយាយយ៉ាងស្ទាត់ជំនាញអំពីស្ថានភាពដ៏ចម្រុងចម្រាស់រវាងភាពជាអ្នកសារព័ត៌មាន និងការជាប់ឃុំឃាំង នៅពេលដែលពួកគេបានព្យាយាមរុករកការពិតនៃរបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានគេលាក់បាំង។ តាមរយៈវីដេអូឯកសារ ស-ខ្មៅ និងការប្រើប្រាស់រូបសូនពីដីឥដ្ឋ ដោយយកលំនាំតាមស្នាដៃនាពេលកន្លងមករបស់លោកគឺ «The Missing Picture ឬកង្វះរូបភាព» ដែលខ្សែភាពយន្តនេះបានរំលេចពីទិដ្ឋភាពជាក់ស្តែងមួយនៃរបបប៉ុល ពត ហើយលាតត្រដាងអំពីពិភពលោកមួយដែលពោរពេញទៅដោយភាពអត់ឃ្លាន ការធ្វើទារុណកម្ម និងអន្លង់នៃវាលពិឃាតដ៏សាហាវយង់ឃ្នង់។
សម្រាប់ទស្សនិកជនដែលមានបំណងឈ្វេងយល់ពីដំណើរសាច់រឿងមួយនេះ ឥឡូវនេះភាពយន្តរឿង «ណាត់ជួបជាមួយ ប៉ុល ពត» កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្នុងនោះរួមមាន ៖ រោងភាពយន្ត Fable, រោងភាពយន្តលេជេន និង រោងភាពយន្ត Major Cineplex Aeon នៅគ្រប់សាខាទាំងអស់។
ជាមួយសំបុត្រចូលរួមទស្សនាតម្លៃត្រឹមតែ ២ ដុល្លារប៉ុណ្ណោះ នេះគឺជាឱកាសមួយដែលទស្សនិកជនអាចមើលឃើញដោយផ្ទាល់នូវប្រវត្តិសាស្រ្តដែលបានលាតត្រដាងនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តតែម្តង៕