ក្រុមហ៊ុន អិន ស៊ី អិច ប្រារព្ធពិធីគម្រប់ខួប ២៥ឆ្នាំរបស់ខ្លួនជាមួយការធ្វើកម្មវិធីសប្បុរសធម៌ និង បង្ហាញម៉ូតូហុងដាឌ្រីមរចនាពិសេសផលិតចំនួន ៨៨ គ្រឿងប៉ុណ្ណោះ
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេដូចជា ៖ ម៉ូតូ Honda, រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។
កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវកម្មវិធីអបអរសាទរគម្រប់ខួបទី ២៥ ឆ្នាំ ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ខ្លួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនដូចជា៖
ក្រុមហ៊ុន អិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ក្រុមហ៊ុនហុងដាម៉ូទ័រ ខូអិលធីឌី
(Honda Motor Co., Ltd.) ក្រុមហ៊ុនអាស៊ាន ហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.)។
ក្នុងឱកាសប្រារព្ធពិធីនេះក្រុមហ៊ុន អិន ស៊ី អិច ក៏បានផ្តួចផ្តើមជាយុទ្ធនាការការបរិច្ចាគទៅដល់អង្គការ ស្ថាប័នជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជារួមមាន៖
១. ម៉ាស៊ីនកសិឧស្សាហកម្មហុងដាគុណភាពខ្ពស់ រួមមានម៉ាស៊ីនបូមទឹកម៉ាក និង ម៉ាស៊ីនកាត់ស្មៅ សរុបចំនួន ២៥០ គ្រឿង ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីការរីកលូតលាស់ប្រកបដោយនិរន្តរភាព (Together for Sustainable Growth)
២. មួកសុវត្ថិភាពចំនួន ២,៥០០ មួក ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ (Together for Better Road Safety) ក្នុងនោះ ១,៥០០មួកត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ១,០០០ មួកត្រូវបានប្រគល់ជូនមូលនិធិបង្ការរបួសអាស៊ី។
៣. យុទ្ធនាការបរិច្ចាគឈាមដោយការស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន អិន ស៊ី អិច គ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន អិន ស៊ី អិច ក្រោមគោលគំនិត យើងទាំងអស់គ្នាបរិច្ចាគឈាមសង្គ្រោះជីវិត (Together, We share the Gift of Life)។
៤. យុទ្ធនាការកៀរគរថវិកាបរិច្ចាគ ២៥,០០០៛ ក្នុងមួយគ្រឿង តាមរយៈការលក់ម៉ូតូហុងដា គ្រប់សាខាតំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ២៥ ខេត្តក្រុង ទូទាំងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ២៥ ថ្ងៃ ដើម្បីផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីកុមារកម្ពុជា (Together, 25,000 Riel/Unite for Cambodian Children)។
លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា ដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល ២៥ ឆ្នាំមកនេះ ដែលចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺដើម្បីនៅតែជាក្រុមហ៊ុន ដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និង ក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។ លោកបន្តទៀតថា ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែអបអរសាទរនូវសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ យើងបាននឹងកំពុងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅមុខផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីជាការអបអរសាទរគម្រប់ខួប ២៥ ឆ្នាំនេះ ក្រុមហ៊ុន អិន ស៊ី អិច ក៏បានបើកសម្ពោធនូវម៉ូតូហុងដាឌ្រីមរចនាពិសេស ដែលមានចំនួនត្រឹមតែ ៨៨ គ្រឿងប៉ុណ្ណោះ។ ការរំលេចដ៏លេចធ្លោមានបង្ហាញពីប្រាសាទអង្គរវត្តនៅលើម៉ូតូ ឆ្លុះបញ្ចាំងពីមោទកភាពរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការរចនាលេខ ២៥ តំណាងឱ្យរយៈពេល ២៥ ឆ្នាំ ដែលក្រុមហ៊ុន អិន ស៊ី អិច បានរួមដំណើរលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
ដូចនេះ ដើម្បីជាការអរគុណដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចែករង្វាន់ម៉ូតូហុងដាឌ្រីមរចនាពិសេសចំនួន ២៥ គ្រឿងដល់អតិថិជន ដែលបានទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មី នៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។ សូមបញ្ជាក់ដែរថា ម៉ូតូហុងឌ្រីមរចនាពិសេសនេះមិនមានដាក់លក់នៅលើទីផ្សារនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺ Honda Cambodia NCX និង តាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស៕