(វីដេអូ) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សម្ពោធជាផ្លូវការកម្មវិធី កម្ចីឌីជីថល (Digital Loan) ក្នុងអម្រឹតម៉ូបាល
ភ្នំពេញ ៖ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការមុខងារថ្មី កម្ចីឌីជីថល (Digital Loan) ក្នុងអម្រឹតម៉ូបាល នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតផ្ទាល់ ក្រោមវត្តមានគណៈគ្រប់គ្រង និង បុគ្គលិកអម្រឹតប្រហែលជាង ៨០នាក់។
កម្ចីឌីជីថល គឺជាផលិតផលថ្មី បង្កើតឡើងក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់អតិថិជន ពង្រីកចំណែកទីផ្សារតាមរយៈការបង្កើតផលិតផលថ្មីដែលមានលក្ខណៈខុសប្លែកពីទីផ្សារបង្កើនអត្រានៃការប្រើប្រាស់ឡើងវិញរបស់អតិថិជនកម្ចី និង សន្សំ បង្កើនការប្រើប្រាស់ Mobile Banking និង ភាពពេញចិត្តរបស់អតិថិជនការពារអតិថិជនពីការប្រើប្រាស់កម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីអភិវឌ្ឍខ្លួនឲ្យស្របទៅនឹងទីផ្សារបច្ចុប្បន្ន។
អតិថិជនអម្រឹតទាំងអស់អាចរីករាយជាមួយនឹងបទពិសោធមុខងារថ្មី ដែលហៅថា កម្ចីឌីជីថល ដែលនៅក្នុងនោះមាន ឥណទានចំនួន ២ គឺទី ១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ដែលជាកម្ចីដេលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម (Top Up loan ) គឺជាកម្ចីដែលយើងផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
គូសបញ្ជាក់ផងដែរថា កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និង អនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬ សាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម ហើយធ្វើការស្នើរសុំកម្ចីបានគ្រប់ពេលដែលយើងត្រូវការ (៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។
កម្ចីឌីជីថល (Digital Loan) គឺជាផ្នែកមួយនៃការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលរបស់អម្រឹត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលប្រើប្រាស់ អម្រឹតម៉ូបាល។ អម្រឹតប្តេជ្ញាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់អតិថិជនដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង រួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋាភិបាលស្តីពី “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម។ អម្រឹត បាន និង កំពុងបម្រើអតិថិជនជាង ៦០០,០០០ នាក់ ដែលជាកសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និង មធ្យម ។ អម្រឹតមានសាខាចំនួន ១៥០ ក្នុង ២៤ រាជធានី-ខេត្តទូទាំងប្រទេស និង មានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត មានទ្រព្យសកម្មជិត ២ ពាន់លានដុល្លារអាមេរិក និង មានប្រាក់បញ្ញើជាង ១ ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ ១០ ប្រទេស ក្នុងពិភពលោក។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន ២ ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និង ធនារគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO)៕