កុនខ្មែរឥលូវពិតជាមិនធម្មតា «អ្នកស្នងអគារ» (Tenement) ផលិត ៥ ឆ្នាំ ថតនៅខ្មែរ និងជប៉ុន បានចាក់បញ្ចាំងនៅជាច្រើនប្រទេស នឹងឈ្នះពាន Best Production Design បានសម្ពោធជាផ្លូវការ និងចាក់បញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី 14 វិច្ឆិកា តទៅ
កម្រិតនៃភាពយន្តខ្មែរនាពេលឥឡូវនេះមិនធម្មតាទេ! រឿង «អ្នកស្នងអគារ» ជាប្រភេទភាពយន្តបែបរន្ធត់ព្រឺព្រួច ដែលជាស្នាដៃផលិតរបស់លោក តែ ឡូយ និងសហការដឹកនាំដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកស្រី ជា សុខយូ។
ជាមួយនឹងការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសពោរពេញទៅដោយទេពកោសល្យមានដូចជា កញ្ញា ‘ថន ថាណែត’ អ្នកមីង ‘ស្វែង សុជាតា’ លោក ‘Yoshihiko Hosoda’ ដែលជាជនជាតិជប៉ុន រួមទាំងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត។
ភាពយន្ត “អ្នកស្នងអគារ” ដែលបានថតនៅអគារចំណាស់កណ្ដាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាផ្ទាល់ និងមានឈុតឆាកមួយចំនួននៅឯប្រទេសជប៉ុនផងដែរ។ ភាពយន្តនេះបង្កប់ទៅដោយអាថ៌កំបាំងជាច្រើនដែលនឹងធ្វើឱ្យអ្នកទស្សនាមិនអាចព្រិចភ្នែកបានជាមួយសាច់រឿងផ្តោតទៅលើតួអង្គ វិចិត្រករគំនូរ Manga វ័យក្មេងម្នាក់ឈ្មោះ ‘សុរិយា’។ បន្ទាប់ពីនាងត្រូវបានបាត់បង់ម្ដាយ សុរិយាក៏សម្រេចចិត្តមកប្រទេសកម្ពុជាដើម្បីស្វែងយល់ពីរឿងរ៉ាវក៏ដូចជាដើមកំណើតម្ដាយខ្លួន និងស្វែងរកគំនិតថ្មីសម្រាប់សិល្បៈគំនូររបស់នាងនៅឯអគារចំណាស់មួយ។ ផ្ទុយទៅវិញ សុរិយាបែរជាជួបហេតុការណ៍ចម្លែកៗជាបន្តបន្ទាប់ពីមនុស្សនៅក្នុងអគារនោះដែលនាងនឹកស្មានមិនដល់។
ខ្សែភាពយន្តនេះបានដាក់បញ្ចាំងដំបូងនៅ មហោស្រពភាពយន្តអន្តរជាតិ Rotterdam ក្នុងប្រទេសហូឡង់តាំងពីខែមករា ឆ្នាំ 2024 រួចបន្តការចាក់បញ្ចាំងនៅមហោស្រពភាពយន្តនៅឯប្រទេសជប៉ុន ម៉ាឡេស៊ី អូស្ដ្រាលី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសធំៗជាច្រើនទៀត ព្រមទាំងទទួលបានការសរសើរពីអ្នកជំនាញភាពយន្ត និងទស្សនិកជនក្រៅប្រទេសថែមទៀតដែរ។ កាន់តែពិសេសទៅទៀតនោះ ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់សម្រាប់ Best Production Design នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្រោយពីដំណើរនៃការចាក់បញ្ចាំងក្នុងកម្មវិធីភាពយន្តអន្តរជាតិកន្លងទៅ ភាពយន្ត “អ្នកស្នងអគារ” បានសម្ពោធ ជាផ្លូវការកាលពីថ្ងៃទី8 វិច្ឆិកា ជាមួយសាលDolby Atmos ក្នុងរោងភាពយន្តលេជេន អូឡាំព្យា ជាមួយការដើរលើកម្រាលព្រំក្រហមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប។
ភាពយន្តនេះនឹង ត្រៀមចាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី 14 វិច្ឆិកាតទៅគ្រប់រោងភាពយន្ត។
អ្វីដែលអស្ចារ្យនោះគឺ “អ្នកស្នងអគារ” ជាភាពយន្តខ្មែរដំបូងគេ ដែលបានបញ្ចូលជាមួយបច្ចេកវិទ្យាសម្លេង ‘Dolby Atmos’ ដើម្បីបង្កើនបរិយាកាសនៅក្នុងរោងភាពយន្តឲ្យកាន់តែរំជើបរំជួល សម្លេងឮរំពងពេញៗត្រចៀកប្រៀបដូចនៅក្នុងទិដ្ឋភាពរឿងផ្ទាល់ ហើយក៏ជាចំណែកមួយដ៏ធំក្នុងការអភិវឌ្ឍនៃវិស័យភាពយន្តខ្មែរឱ្យកាន់តែល្អថែមមួយកម្រិតទៀត។ សាច់រឿង “អ្នកស្នងអគារ” ក៏បានបង្ហាញពីភាពភ័យរន្ធត់ ផ្សាភ្ជាប់នឹងអបិយជំនឿខ្មែរ ជាពិសេសឆ្លុះបញ្ចាំងពីទស្សនីយភាព និងរសជាតិបែបផែនថ្មីនៃភាពយន្តកម្ពុជា ហើយក្រុមផលិតករក៏សង្ឃឹមយ៉ាងមុតមាំថាភាពយន្តមួយនេះនឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកម្ពុជា ដូចទៅនឹងការគាំទ្រស្ងប់ស្ងែងពីទស្សនិកជនក្រៅស្រុកដែរ។
ចូលរួមគាំទ្រស្នាដៃភាពយន្តខ្មែរ និងរង់ចាំទស្សនា “អ្នកស្នងអគារ” ចាប់ពីថ្ងៃទី 14 វិច្ឆិកានេះតទៅ នៅរោងភាពយន្តដែលនៅជិតលោកអ្នកណា៎!