សហព័ន្ធកីឡាបាល់ទាត់ថៃ លក់សិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ឱ្យក្រុមហ៊ុនមួយ ក្នុងតម្លៃ ៣០០ លានដុល្លារ
តាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសកាលពីថ្ងៃច័ន្ទ ទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះថា ខ្លួនបានលក់សិទ្ធផ្តាច់មុខក្នុងការផ្សាយផ្ទាល់ ឱ្យទៅក្រុមហ៊ុន Zense Entertainment ដែលបានចាប់ដៃគូសហការជាមួយនឹង Eleven Sports ក្នុងរយៈពេល ៨ ឆ្នាំ ពោលគឺពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៨ ។
ក្នុងកម្មវិធី ដែលធ្វើឡើងនៅសណ្ឋាគារ Grand House Thailand នាកណ្តាលទីក្រុងបាងកកនេះ បានបញ្ជាក់ថា រាល់ការប្រកួតបាល់ទាត់ទាំងអស់ដែលស្ថិតនៅក្រោមសហព័ន្ធ ដែលមានដូចជា លីគកំពូលថៃ, ក្រុមបាល់ទាត់ជម្រើសជាតិថៃ ទាំងបុរស និង នារី, M-១៥០ Cup,TOYOTA THAI LEAGUE, FA CUP, LEAGUE CUP, ក្រុមបាល់ទាត់ហ្វូតសាល បុរស និង នារី នឹងត្រូវផ្តល់សិទ្ធផ្តាច់មុខជូនក្រុមហ៊ុននេះ។
ក្នុងឱកាសនេះដែរ លោក Somyot Poompanmuang ប្រធានសហព័ន្ធបាល់ទាត់ថៃ បានអបអរសាទរដល់ក្រុមហ៊ុនខាងលើ ដែលបានឈ្នះការដេញថ្លៃ ហើយក៏ជាមុខមាត់ថ្មី ក្នុងការនាំការប្រកួតរបស់ថៃទៅកាន់ពិភពលោក។
ចំពោះតម្លៃវិញ សហព័ន្ធកីឡាបាល់ទាត់ថៃ បានបញ្ចេញដោយមិនលាក់លៀមឡើយ គឺក្នុងតម្លៃដល់ទៅ ៣០០ លានដុល្លារសហរដ្ឋអាមេរិក ៕
ប្រភព៖ FAThailand