ហានិភ័យហើយ! Muangthong តែងតាំងខ្សែប្រយុទ្ធគ្មានបទពិសោធន៍ ធ្វើគ្រូ ព្រោះមូលហេតុនេះ
កាលពីថ្ងៃទី ច័ន្ទ ទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ SCG Muangthong United FC បានប្រកាសតែងតាំង កីឡាករខ្សែប្រយុទ្ធដែលគ្មានក្លិបលេង Mario Gjurovski ឱ្យឡើងជាគ្រូបង្គោលរបស់ខ្លួន បន្ទាប់ពីសម្រេចចែកផ្លូវជាមួយនឹងគ្រូបង្វឹកចាស់ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ។
កីឡាករ Mario ដែលបានតែងតាំងជាគ្រូបង្គោលរូបនេះ ត្រូវបានគេដឹងថា មិនមានបទពិសោធន៍ជាគ្រូបង្វឹកទាល់តែសោះ ដោយរូបគេធ្លាប់ជាកីឡាករខ្សែប្រយុទ្ធក្លិប SCG Muangthong United FC កាលពីរដូវកាល ២០១២ ដល់ ២០១៥ មុននឹងផ្លាស់ទៅលេងនៅ Bangkok United and Bangkok Glass ពីឆ្នាំ ២០១៦ ដល់ ២០១៩ ។ ការសម្រេចចិត្តនេះ អាចពាក់ព័ន្ធនឹងបញ្ហា ដាក់គ្រូបង្វឹកខ្លាំងកន្លងមក តែមិនឡើងជើងសោះ ទើបក្លិបសម្រេចយកគ្រូបង្វឹកថ្មី បែបនេះ។
ក្រោយពីបញ្ចប់កុងត្រាជាមួយនឹង Bangkok Glass រួចមក គេក៏បន្តគ្មានក្លិបលេងរហូតត្រូវបាន SCG Muangthong United FC កោះហៅមកជាគ្រូបង្គោលតែម្តង ។
គួរឱ្យដឹងដែរថា ក្លិប SCG Muangthong United FC កំពុងតែធ្លាក់ក្នុងហានិភ័យ ក្រោយឆ្លងកាត់ ៨ ប្រកួតកន្លងមករក ១០ ពិន្ទុមិនបានផង ខណៈដែលកំពុងឈរនៅលេខរៀងទី ១១ លើតំបន់កាត់ចេញត្រឹមតែ ៤ ពិន្ទុតែប៉ុណ្ណោះ ៕
ប្រភព៖ MTUFC