ខ្សែប្រយុទ្ធ Son Heung Min របស់ក្លិបបាល់ទាត់ Tottenham Hotspur នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ បានត្រលប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីលោក បានឈ្នះស្បែកជើងមាស Premier League ព្រមទាំងទទួលបានការចាប់អារម្មណ៍ និងសាទរយ៉ាងខ្លាំង ជាមួយនឹងពិធីត្រលប់មកវិញរបស់លោក។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា កីឡាករ Son Heung Min បានចុះចតនៅប្រទេសកូរ៉េខាងត្បូង តាមច្រកអាកាសយានដ្ឋានអន្តរជាតិ Incheon ដោយបានត្រលប់មកមាតុប្រទេសវិញ ជាមួយនឹងស្បែកជើងមាស Premier League ព្រមទាំងបង្ហាញពានរង្វាន់ដែលឈ្នះរបស់លោក នៅឯព្រលានយន្តហោះ ក្នុងថ្ងៃនោះផងដែរ។
កំឡុងពេលទៅដល់ លោកទទួលបានការគាំទ្រស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលបានការគោរពប្រៀបបានវីរបុរស ពីអ្នកគាំទ្រដែលជាជនរួមជាតិ សម្រាប់មោទកភាពដ៏ធំធេង ក្រោយកីឡាករអាស៊ីរូបនេះ អាចយកស្បែកជើងមាសនៅអឺរ៉ុប ជូនប្រទេសខ្លួនបាន។
បន្ទាប់ពីបានបង្ហាញពីការលើកពាន Son Heung Min បានបង្ហាញកាយវិការអោនលំទោនគោរពទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ ដោយក្ដីគោរព រួចធ្វើដំណើរបន្តចាកចេញពីព្រលានយន្តហោះទៅ៕