កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី សម្រេចចិត្តចូលនិវត្តន៍ ក្រោមហេតុផលពីរយ៉ាង
កីឡាការិនីជម្រើសជាតិតេក្វាន់ដូ កម្ពុជា ស៊ន សៀវម៉ី ដែលទើបតែធ្លាក់ចេញពីព្រឹត្តិការណ៍ Asian Games 2018 ត្រឹមវគ្គ៨នាក់ចុងក្រោយនៅព្រឹត្តិការណ៍កីឡាអាសុីកាលពីខែមុន បានបង្ហើបប្រាប់ពីគម្រោងចូលនិវត្តន៍របស់ខ្លួននៅពេលឆាប់ៗនេះ។
មូលហេតុចំនួន ២ ដែលធ្វើឲ្យកីឡាការិនីរូបនេះចង់សម្រាក ពីវិស័យកីឡាតេក្វាន់ដូរយៈពេលយូរ ដែលមិនទាន់កំណត់បានថា នឹងវិលវិញនៅពេលណានោះគឺ ៖
មូលហេតុទី១ ម្ចាស់មេដាយមាសអាស៊ីឆ្នាំ២០១៤ រូបនេះរៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំដឹងពីខ្លួនរបស់ខ្ញុំបង ថា វាមានបញ្ហាលំបាកអ្វីខ្លះ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនរបស់ខ្ញុំឈឺច្រើន ដូច្នេះខ្ញុំគិតថា ត្រូវការសម្រាកមួយរយៈ ហើយក៏មិនប្រាកដថា នឹងចូលលេងកីឡាវិញ ឬយ៉ាងណានោះដែរ។ សំខាន់គ្មានអ្នកណាដឹងថា ខ្ញុំហាត់ទាំងឈឺឡើយ។ និយាយរួមមានតែខ្ញុំ និងគ្រូខ្ញុំទេ ដែលដឹង» ។
មូលហេតុទី២ សៀវម៉ី បាននិយាយបន្ថែមថា « បញ្ញាធំរបស់ខ្ញុំគឺអារម្មណ៍មិនសប្បាយចិត្ត។ ខ្ញុំគិតថា ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់បន្តទៅមុខទៀត ព្រោះអីមានអ្នកនៅជុំវិញខ្លួនខ្ញុំ ដែលគេឃើញអ្នកផ្សេងល្អជាងខ្ញុំ។ អ៊ីចឹងហើយ ខ្ញុំចង់ឲ្យអ្នកដែលគាត់មើលឃើញអ្នកផ្សេង ដែលល្អជាងខ្ញុំ មកជំនួសខ្ញុំ» ។
គួរបញ្ជាក់ថា ក្រៅពីធ្លាប់ឈ្នះមេដាយមាស Asian Games នៅឆ្នាំ ២០១៤ ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយមាសពីរគ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០១៧ និងឆ្នាំ២០១៣ ហើយក៏ធ្លាប់ឈ្នះមេដាយប្រាក់១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១១ផងដែរ៕
ដោយ៖ Coura