សំ ពៅ អ្នកចាំទីដៃទី ២ អង្គរថាយហ្គឺរ បង្កើតកំណត់ត្រាល្អមួយប្រចាំលីគកំពូលកម្ពុជា
អ្នកចាំទីរបស់អង្គរថាយហ្គឺរ សំ ពៅ មានឱកាសបង្ហាញខ្លួនត្រឹម ៦ លើក ក្នុងពេល ២ រដូវកាលនេះ ប៉ុន្តែអ្នកចាំទីអង្គរថាយហ្គឺរ សំ ពៅ បានបង្កើតកំណត់ត្រាដ៏ល្អមួយ គឺចាញ់តែ ១ លើកគត់ ក្នុងចំណោមការបង្ហាញខ្លួនទាំងអស់ ។
អ្នកចាំទីមកពីស្វាយរៀងលើកឡើងថា ខ្លួនរីករាយយ៉ាងខ្លាំងចំពោះកំណត់ត្រានេះ តែក៏នៅមើលឃើញពីចំណុចខ្សោយរបស់ខ្លួនដែលត្រូវកែប្រែផងដែរ ។ «ទោះមានឱកាសចាប់តិចមែន ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំង ព្រោះអាចជួយក្រុមបានច្រើន ។ ក្នុងចំណោមនោះ ប្រកួតជាមួយភ្នំពេញក្រោនធ្វើឲ្យខ្ញុំចងចាំជាងគេ ព្រោះពេលហ្នឹងធ្វើបានល្អទាំងការសង្គ្រោះ និង បញ្ជូនបាល់ទៅមិត្តរួមក្រុម ពិសេសបានយកឈ្នះក្រុមធំមួយ ជួយក្លិបឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ រ។ យ៉ាងណាខ្ញុំនៅតែមានចំណុចខ្វះខាតច្រើនទៀត ដែលត្រូវរៀនសូត្រហើយប្រឹងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរ» ។
សំ ពៅ បង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Metfone Cambodian League 2017 ជួយក្រុមឈ្នះណាហ្គាវើលដ៍ ២-១ ខណៈរដូវកាល ២០១៨ ស្មើបឹងកេត ២-២ ស្មើណាហ្គាវើលដ៍ ១-១ និង ស្មើព្រះខ័នរាជស្វាយរៀង ១-១ ចំណែកក្នុងពានរង្វាន់សម្ដេចតេជោ ២០១៨ គេបានជួយថាយហ្គឺរយកឈ្នះភ្នំពេញក្រោន ៤-១ តែចាញ់អគ្គស្នងការដ្ឋាននគរបាល ២-០ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ។ គួរបញ្ជាក់ផងដែរថា អ្នកចាំទី សំ ពៅ ពុំធ្លាប់លេងក្លិបអាជីពណាមួយឡើយ មុនពេលចូលរួមជាមួយអង្គរថាយហ្គឺរ កាលពីចុងឆ្នាំ ២០១៦ កន្លងទៅ ៕
ដោយ៖ Coura ប្រភព(CNCC)