មហាជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានស្ដាប់បទសម្ភាសកីឡាករបាល់ទាត់ លោក Cristiano Ronaldo ជាមួយលោក Piers Morgan បើកកកាយពីការពិតមួយចំនួនរបស់ក្លិបបិសាចក្រហម ពាក់ព័ន្ធជាមួយនឹងលោក។
ខ្សែប្រយុទ្ធជើងចាស់រូបនេះបាននិយាយថា លោកមានអារម្មណ៍ថាក្លិប Manchester United បានក្បត់លោក ដោយក្លិបកំពុងព្យាយាមបង្ខំលោកឱ្យចាកចេញ ហើយធ្វើឱ្យលោកមានអារម្មណ៍ថា លោកខុសគេតែឯងនៅក្នុងក្លិប។
Cristiano Ronaldo បានបន្តនៅក្នុងបទសម្ភាស TalkTV ថា ៖ «មិនត្រឹមតែគ្រូបង្វឹក Eric Ten Hag ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុរសពីរឬបីនាក់ផ្សេងទៀត នៅក្នុងក្លិបផងដែរ»។
ក្នុងនោះ តាមរយៈបទសម្ភាស នៅពេល Morgan សួរថា តើគាត់មានអារម្មណ៍ថានាយកប្រតិបត្តិជាន់ខ្ពស់នៅ Old Trafford កំពុងព្យាយាមកម្ចាត់លោកឬអត់ ស្រាប់តែ Ronaldo បានឆ្លើយតបថា ៖ «និយាយតាមត្រង់ទៅ ខ្ញុំមិនគួរនិយាយអ៊ីចឹងទេ… មិនដឹងទេ… ប៉ុន្តែស្តាប់ខ្ញុំ ខ្ញុំមិនខ្វល់ទេ មនុស្សគួរតែស្តាប់ការពិត ខ្ញុំមានអារម្មណ៍ថាត្រូវគេក្បត់ ហើយខ្ញុំមានអារម្មណ៍ថាមានអ្នកខ្លះមិនចង់ឃើញខ្ញុំនៅទីនេះ មិនត្រឹមតែឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែឆ្នាំមុនក៏ដូចគ្នាដែរ»៕
ប្រភព ៖ Mirror