នាពេលថ្មីៗនេះ Kamaludin ដែលជាក្មេងប្រុស មានស្រុកកំណើតនៅខេត្ត Yala ប្រទេសថៃ ត្រូវបានកក្រើកលើបណ្ដាញសង្គមជាថ្មី ក្រោយរូបគេបង្ហោះវីដេអូ និង រូបភាពទស្សន៍ទាយគ្រាប់បាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដោយទស្សន៍ទាយយកក្រុមបាល់ទាត់ជម្រើសជាតិ នៅអាស៊ីចំនួន ២ ក្រុម ដែលមានដូចជា ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត និង ក្រុមជម្រើសជាតិជប៉ុន រហូតទទួលបានលទ្ធផលជោគជ័យទៅលើក្រុមជម្រើសជាតិខ្លាំងៗ ដូចជាអាហ្សង់ទីន និង អាល្លឺម៉ង់ជាដើម។
ក្រោយមកជំនួបរវាងកូរ៉េ និង ជម្រើសជាតិ អ៊ុយរ៉ាហ្គាយ ក្មេងប្រុសរូបនេះ បានជ្រើសយកក្រុមជម្រើសជាតិកូរ៉េ ដែលជាលទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ នៅក្នុងពូល H។
ដោយឡែក នៅក្នុងជំនួបនារាត្រីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះ ព័រទុយហ្គាល់ ទល់នឹង កូរ៉េខាងត្បូង ក្មេងប្រុស Kamaludin ដែលប្រិយមិត្តអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកស្នេហាវិស័យបាល់ទាត់ បាននាំគ្នាដាក់រហស្សនាមថាជា «កុមារទេព» ក៏ទស្សន៍ទាយយកក្រុមជម្រើសជាតិកូរ៉េខាងត្បូងទៀតផងដែរ ដោយជឿជាក់ថា នឹងអាចយកឈ្នះ ព័រទុយហ្គាល់៕