ការប្រកួតបាល់ទាត់មួយនៅប្រទេស ហ្សាំប៊ី ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយកីឡាករម្នាក់ ដែលបានបង្ហាញទម្រង់លេងល្អជាងគេក្នុងការប្រកួត ត្រូវបានទទួលរង្វាន់ពិសេសបំផុតមិនធ្លាប់មានពីមុនមកគឺ ពងមាន់ចំនួន ៥ ប្រអប់។
កីឡាករឈ្មោះ Kennedy Musonda ដែលបានបង្ហាញទម្រង់លេងល្អជាងគេសម្រាប់ក្រុម «Power Dynamos» ទល់ជាមួយនឹងក្រុម «Nkana» ទទួលបានជ័យជម្នះ ១ ទល់នឹង ០ ដោយរូបលោកជាអ្នករកគ្រាប់បាល់តែមួយគត់នៃការប្រកួតនេះ ហើយបានក្លាយជាជ័យជម្នះដ៏ធំធេង ព្រោះដណ្ដើមបាន ៣ ពិន្ទុក្នុងលីគដ៏សំខាន់ក្នុងប្រទេស។
បន្ទាប់ពីការប្រកួតចប់ កីឡាករ Kennedy Musonda ត្រូវបានប្រគល់រង្វាន់ដែលជាពងមាន់សរុបចំនួន ៥ ប្រអប់ ដោយ ៣ ប្រអប់ជារង្វាន់ «Man of the Match» ហើយសម្រាប់ ២ ប្រអប់ទៀត គឺជារង្វាន់ដែលលោករកបានគ្រាប់បាល់ឱ្យក្រុម។
ក្រោយទទួលបានរង្វាន់ កីឡាករ Musonda បាននិយាយថា ៖ «ខ្ញុំគ្រាន់តែចង់និយាយថា អរគុណចំពោះពងមាន់ ដែលបានផ្ដល់ឱ្យនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រូបង្វឹក ហើយក៏សូមឧទ្ទិសពងមាន់ទាំងនេះដល់អ្នកគាំទ្រខ្ញុំទាំងអស់ដែលបានបាត់បង់ជីវិតទៅ»។
គួរបញ្ជាក់ដែរថា ការប្រកួតនេះបានកើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅមកម្ល៉េះ ប៉ុន្តែវីដេអូរបស់ Musonda ទើបតែផ្ទុះការចាប់អារម្មណ៍ឡើងវិញនៅដើមឆ្នាំ ២០២៣ នេះ៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Pulse Sport