យុវជនសាលាបាល់ទាត់ជាតិបាទី ១៦ រូប ចូលរួមជាមួយក្លិបអាជីពនៅលីគកំពូលកម្ពុជា ចំនួន ៤
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើសន្និសីទប្រកាសកាលពីព្រឹកមិញថា យុវជនសាលាបាល់ទាត់ជាតិបាទីចំនួន ១៦ រូប នឹងចូលរួមជាមួយក្លិបចំនួន៤ រួមមាន វិសាខា (៦ រូប), អគ្គីសនីកម្ពុជា (៤ រូប), ណាហ្គាវើល (៣ រូប) និង បឹងកេត (៣ រូប) ។
ក្នុងនោះដែរទៅកាន់ក្លិបអគ្គីសនីកម្ពុជា មានកីឡាករ ផាច សុវិឡា, ឈឿង វិសុីនុ, លន ថេន និងសឿន សុភក្ត្រា ។ ទៅកាន់ ណាហ្គាវើល មាន សេត ម៉ាន់ស៊ូ, ហេង ទីណា និង រ័ត្ន ប៊ុននូ ។ ទៅកាន់បឹងកេត មាន ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ និង សឿត ណាវ៉ា ។ ចំពោះទៅកាន់ វិសាខា មាន គង់ ពីលត់, ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, អាត អូនទូច, ទៀត គឹមហេង ។
គូសបញ្ជាក់ផងដែរថា កីឡាករទាំង១៦ រូបនេះ ត្រូវបានផុតកុងត្រាពីសាលាបាល់ទាត់ជាតិបាទី ហើយសាលាបាល់ទាត់ជាតិបាទី មិនទទួលកម្រៃពីការផ្ទេរកីឡាករយុវជនទាំង ១៦ រូបនេះឡើយ ដោយសារតែគោលដៅសាលាបាល់ទាត់ជាតិនេះ គឺដើម្បីបណ្តុះថ្នាលយុវជនសម្រាប់ប្រើប្រាស់ក្នុងការប្រកួតលីគកំពូល និង ថ្នាក់ជាតិ៕
ដោយ៖ Coura ប្រភព(FFC)