ប្រវត្តិសាស្ត្រ! អាល្លឺម៉ង់ ពង្រាយកងកម្លាំងប៉ូលិសច្រើនបំផុតមិនធ្លាប់មាន ដើម្បីធានាសុវត្ថិភាព អំឡុងការប្រកួត Euro 2024
ប្រទេសអាល្លឺម៉ង់ បានប្រើប្រាស់កងកម្លាំងប៉ូលិសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ សហការជាមួយប៉ូលិសអន្តរជាតិ រួមទាំងដាក់ចេញវិធានការការពារសុវត្ថិភាពជាច្រើនទៀត អំឡុងពេលប្រកួត Euro 2024។
ក្នុងរយៈពេល ១ ខែនៃការប្រកួតបាល់ទាត់ Euro 2024 ប្រទេសអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ រំពឹងថានឹងទទួលអ្នកគាំទ្រវិស័យបាល់ទាត់ជិត ១៥ លាននាក់ចូលរួមទស្សនាការប្រកួតក្នុងពហុកីឡដ្ឋានចំនួន ១០ នៅតាមតំបន់នានាពាសពេញប្រទេស។ ដូច្នេះហើយ ដើម្បីជាការធានាអំពីសុវត្ថិភាព អាល្លឺម៉ង់បានធ្វើការដាក់ពង្រាយកងកម្លាំងប៉ូលិសប្រមាណ ២២ ០០០ នាក់ឱ្យប្រចាំការជារៀងរាល់ថ្ងៃ ដោយគ្មានការឈប់សម្រាករហូតដល់ចប់ការប្រកួត។ នេះចាត់ទុកជាការប្រើប្រាស់កងកម្លាំងច្រើន និងធំជាងគេបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។
តាមឱ្យដឹង ប៉ូលិសអាល្លឺម៉ង់ ក៏នឹងសហការគ្នាជាមួយអ្នកស្ម័គ្រចិត្ត ១៦ ០០០ នាក់ផ្សេងទៀត រួមទាំងកងកម្លាំងប៉ូលិសអន្តរជាតិចំនួន ៣៥០ នាក់ទផត ដែលមកពី Europol, អង់គ្លេស បារាំង អេស្ប៉ាញ និងតួកគី។ ក្នុងនោះដែរ អ្នកជំនាញផ្នែកសុវត្ថិភាពចំនួន ៦០០ នាក់ នឹងធ្វើការនៅមជ្ឈមណ្ឌលសហប្រតិបត្តិការនគរបាលអន្តរជាតិថ្មី (IPCC) នាទីក្រុង Neuss ដោយក្នុងមជ្ឈមណ្ឌលនោះ មានអេក្រង់កុំព្យូទ័រចំនួន ១២៩ លាតសន្ធឹងក្នុងបរិវេណ ៤០ ម៉ែត្រការ៉េ។
បន្ថែមពីនេះ ខាងកងកម្លាំង English Football Control Police Force នឹងដាក់ឱ្យមានក្រុមប៉ូលិសស្លៀកពាក់ស៊ីវិលធម្មតាទៅកាន់ទីតាំងនៃពហុកីឡដ្ឋាន ដើម្បីរាយការណ៍ករណីដែលមានអ្នកគាំទ្ររំខានក្នុងការប្រកួត ទៅកាន់ខាង IPCC ឱ្យកត់ឈ្មោះចូលក្នុងបញ្ជីខ្មៅ។ ជាមួយគ្នានោះ យោធាអាល្លឺម៉ង់ ក៏នឹងបង្កើនការត្រួតពិនិត្យលើអាកាស និងបញ្ជូនព័ត៌មានទាំងអស់ទៅកាន់ខាង IPCC ដើម្បីការពារហានិភ័យនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) ហើយចំណែកសន្តិសុខនៅតាមតំបន់ព្រំដែន និងស្ថានីយ៍រថភ្លើង ក៏ត្រូវបានពង្រឹងផងដែរ៕