ល្អដូចផ្កា! បើកឆាក Euro យប់មិញ កីឡាករអាល្លឺម៉ង់រូបនេះ ប៉ះបាល់ ១០២ ដង ខូចតែម្ដងគត់ ដឹកនាំក្រុមលេងបានមួយចប់
ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានបើកឆាកប្រកួតនៅយប់ឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ ដែលការប្រកួតដំបូងនេះ ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ បត់តារាងលេង លត់ជម្រើសជាតិស្កុតឡែនយ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ១។
កីឡាករអាល្លឺម៉ង់ ដែលបានរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតបើកឆាក Euro ២០២៤ យប់មិញនេះ គឺមានកីឡាករ Wirtz ស៊ុតចូលនៅនាទីទី ១០, កីឡាករ Musiala រកគ្រាប់បាល់បាននៅនាទីទី ១៩, Kai Havertz ស៊ុតបានគ្រាប់បាល់ប៉េណាល់ទី នៅនាទី ៤៥+១, កីឡាករ Fullkrug រកបានគ្រាប់បាល់នៅនាទីទី ៦៨ និងកីឡាករ Can បំប៉ោងសំណាញ់ទីចុងតង់ នៅនាទីទី ៩០+៣។
ដោយឡែក ថ្វីបើពុំបានរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិក្ដី តែកីឡាករ Toni Kroos ក្លាយជាកីឡាករដ៏លេចធ្លោ ដោយសារតែគាត់តែងតែបង្កើតឱកាសឱ្យមិនរួមក្រុម ដឹកនាំក្រុមអាល្លឺម៉ង់លេងបានមួយចប់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងជំនួបបើកឆាកយប់មិញនេះ កីឡាកររូបនេះ ប៉ះបាល់បានចំនួន ១០២ ដង គឺខូចតែម្ដងគត់ ហើយនេះហើយអាចជាកត្តាដែលគ្រូអាល្លឺម៉ង់ជ្រើសរើសគាត់ដាក់ចូលក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ Euro ២០២៤ នេះ ក្នុងឱកាសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ៕