(វីដេអូ) ផ្ទុះការវែកញែក ជុំវិញរឿងអាជ្ញាកណ្ដាលបញ្ឈប់ ម៉ឺន មេឃា លែងឱ្យបន្តក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយ ចាន់ ប៊ុនហឿន
នៅយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ មានការប្រកួតកម្មវិធីប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ នៅស្ថានីយទូរទស្សន៍ PNN ដែលក្នុងនោះមានជំនួបដណ្ដើមខ្សែក្រវ៉ាត់រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ចាន់ ប៊ុនហឿន។
ការប្រកួតបានបញ្ចប់ទៅដោយអាជ្ញាកណ្ដាលបានបញ្ឈប់កីឡាករ ម៉ឺន មេឃា បន្ទាប់ពីរាប់បានត្រឹម ៨ ដែលកីឡាករ ម៉ឺន មេឃា ត្រូវមួយជើងចំកញ្ចឹង-ក របស់កីឡាករ ចាន់ ប៊ុនហឿន។ ក្រោយពីរាប់បានត្រឹម ៨ គេសង្កេតឃើញអាជ្ញាកណ្ដាលបានឱ្យសញ្ញាដើម្បីឱ្យ ម៉ឺន មេឃា ឈានមកមុខ តែដោយពុំបានឈានជើងមក បើទោះបីជា ម៉ឺន មេឃា បានងក់ក្បាលក្ដី ទើបអាជ្ញាកណ្ដាលបានសម្រេចបញ្ឈប់ការប្រកួតតែម្ដង ដែលនាំឱ្យមានមតិវែកញែកកើតឡើងព្រោងព្រាតក្នុងវិស័យអ្នកស្នេហាកីឡាគុនខ្មែរ ដោយមានមតិខ្លះយល់ឃើញថាជាការត្រឹមត្រូវដែលបញ្ឈប់ការប្រកួត ដើម្បីរក្សាសុវត្ថិភាពកីឡាករ និង មតិខ្លះទៀតបានសម្ដែងការមិនពេញចិត្តដែលមិនឱ្យកីឡាករបន្តការប្រកួតចប់ចុងចាប់ដើម។
យ៉ាងណាមិញ ចំពោះរឿងនេះតាមរយៈការកាត់សេចក្ដីរបស់សហព័ន្ធប្រដាល់គុនខ្មែរ បានរក្សាលទ្ធផលឱ្យ ចាន់ ប៊ុនហឿន ជាអ្នកឈ្នះទទួលបានខ្សែក្រវាត់ និង ទុកពេលឱ្យកីឡាករ ម៉ឺន មេឃា អាចដាក់បណ្តឹងដោះស្រាយបានផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖