(វីដេអូ) ក្ដៅគគុក! ហែម ថុនវិទីនី បញ្ជាក់ច្បាស់ៗ ក្រោយពលរដ្ឋផ្ទះលេខ ២ ខ្លះថាកម្ពុជាទិញកីឡាករហែលទឹកបរទេសឱ្យទៅប្រកួតកីឡាអូឡាំពិក
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ លើកទី ៣៣ នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ហើយប្រទេសកម្ពុជាក៏មានអត្តពលិកសម្រាប់ចូលរួមប្រកួតតំណាងប្រទេសដែរ។
ក្នុងនោះដែរ មានអត្តពលិក ៣ រូប រូមមាន កីឡាករអត្តពលកម្ម ឈុន ប៊ុនថន, កីឡាការិនីហែលទឹក សាក់ប៊ុន ឣប្សរា កាតារីណា និង កីឡាករហែលទឹក កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ដែលពួកគេឈរក្នុងវិញ្ញាសា ២ ផ្សេងគ្នាដើម្បីតំណាងកម្ពុជា។
ដោយឡែក ចំពោះវិញ្ញាសាហែលទឹក ដែលមានកីឡាករវ័យក្មេងទាំង ២ រូប គឺលោក កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និង កញ្ញា សាក់ប៊ុន ឣប្សរា កាតារីណា ត្រូវបានគេស្គាល់ថាជាកូនសិស្សរបស់កីឡាការិនីហែលទឹកលំដាប់ប្រទេសកញ្ញា ហែម ថុនវិទីនី។ ក្នុងនោះ កីឡាការិនី ហែម ថុនវិទីនី ជាគ្រូបង្វឹកក៏ចូលរួមអមដំណើរជាមួយនឹងកូនសិស្សទាំង ២ របស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី ៣៣ នេះដែរនៅទីក្រុងប៉ារីស។
យ៉ាងណាមិញ ថ្មីៗនេះក្រោយពីបានទៅដល់ទឹកដីប្រទេសបារាំងហើយនោះ កញ្ញា ហែម ថុនវិទីនី បានបង្ហោះវីដេអូមួយរៀបរាប់ពីឈុតសម្លៀកបំពាក់របស់អត្តពលិកកម្ពុជា ព្រមទាំងបានឆ្លើយតបនឹងការបញ្ចេញមតិរបស់ប្រជាជនប្រទេសថៃ ពាក់ព័ន្ធនឹងកូនសិស្សទាំង ២ រូបទៀតផង។
ពិតណាស់ មានប្រជាជនប្រទេសថៃមួយចំនួនបានសរសើរដល់ការច្នៃម៉ូដនៃសម្លៀកបំពាក់របស់អត្តពលិកកម្ពុជា ហើយក៏មានខ្លះទៀតបានបញ្ចេញមតិថា «កម្ពុជា បានទិញកីឡាករក្រៅប្រទេសមកប្រកួតតំណាងឱ្យកម្ពុជា» ខណៈបានឃើញ គឺកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និង កីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា មានមុខមាត់ដូចបរទេស និង អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។
ឆ្លើយតបទៅការលើកឡើងបែបនេះ កញ្ញា ហែម ថុនវិទីនី ជាកីឡាការិនីហែលទឹកលំដាប់ប្រទេសកម្ពុជា និង ជាគ្រូបង្វឹកនោះ បានបញ្ជាក់ឱ្យដឹងថា កីឡាករទាំង ២ របស់កម្ពុជា គឺសុទ្ធសឹងតែជាកូនកាត់ខ្មែរ ដោយក្នុងនោះកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ គឺជាកូនកាត់បារាំង-ខ្មែរ ដោយមានប៉ាជាបារាំង និង ម្តាយជាខ្មែរ។ រីឯកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា គឺជាកូនកាត់ខ្មែរ-អាមេរិក ដោយប៉ារបស់នាងគឺជាជនជាតិខ្មែរ៕