ស្ទួយមុខមាត់ជាតិ! ជាប្រវត្តិសាស្រ្ត កម្ពុជាមានសិល្បករខ្មែរចូលរួមសម្តែងបិទព្រឹត្តិការណ៍អូឡាំពិកលើកដំបូង ដែលធ្វើនៅបារាំង
កាលពីរាត្រីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី ៣៣ បានធ្វើការបិទព្រឹត្តិការ៍ជាផ្លូវការហើយ ក្រោយពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី ២៦ ខែកក្កដា កន្លងទៅ។
ក្នុងនោះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី ៣៣ ប្រទេសកម្ពុជាក៏មានអត្តពលិកចូលរួមប្រកួតតំណាងប្រទេសដែរ ដោយកម្ពុជាមានអត្តពលិក ៣ រូប រួមមាន កីឡាករអត្តពលកម្ម ឈុន ប៊ុនថន, កីឡាការិនីហែលទឹក សាក់ប៊ុន ឣប្សរា កាតារីណា និង កីឡាករហែលទឹក កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ដែលពួកគេឈរក្នុងវិញ្ញាសា ២ ផ្សេងគ្នាផងដែរ។
យ៉ាងណាមិញ សម្រាប់វត្តមានរបស់អត្តពលិកកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក គឺគិតចាប់ពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០២៤ នេះ គឺជាលើកទី ៧ ហើយ ដែលអត្តពលិកកម្ពុជាបានចូលរួមប្រកួត។
ដោយឡែក អ្វីដែលជារឿងអស្ចារ្យ និង ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដោយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ពោលគឺក្នុងថ្ងៃបិទព្រឹត្តិការណ៍អូឡាំពិក ២០២៤ គឺតារាចម្រៀងរ៉េប វណ្ណដា បានក្លាយជាសិល្បករកម្ពុជាទី ១ ដែលបានចូលរួមសម្តែងព្រឹត្តិការណ៍អូឡាំពិកនេះ។
ការចូលរួមសម្តែងនេះដែរ មិនត្រឹមតែជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលមានសិល្បករខ្មែរបង្ហាញខ្លួនក្នុងការបិទព្រឹត្តិការណ៍នោះឡើយ តែក៏ជាប្រវត្តិសាស្ត្រថ្មីរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ដែលលោកជាតារាចម្រៀងទី ១ បានសម្តែងលើឆាកលំដាប់ពិភពលោកតំណាងកម្ពុជាជាលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិកនៅពហុកីឡា Stade de France ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណ ៨ ម៉ឺន នាក់ និង តាមទូរទស្សន៍រាប់លាននាក់៕