កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រតារាចម្រៀង សាយ ច្បាស់ជាបានជ្រាបមកហើយពីការធ្វើដំណើរទៅប្រកួតអុកក្នុងកម្មវិធីលំដាប់អន្តរជាតិរបស់ក្មួយប្រុសបង្កើតរបស់តារាចម្រៀងរូបនេះ ដែលមានឈ្មោះ Kim Sanker នៅឯទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន។ កាលនោះ យុវជន Kim Sanker អាយុ ១៤ ឆ្នាំ ត្រូវបានក្លាយទៅជាកីឡាករប្រកួតអុកក្មេងជាងគេបំផុតរបស់កម្ពុជា ដែលបានទៅចូលរួមប្រកួតកម្មវិធី «26th Asian Youth Chess Championship 2024» កាលពីខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។
យ៉ាងណាមិញ បើទោះជាការប្រកួត «26th Asian Youth Chess Championship 2024» ក្មួយប្រុសរបស់លោក សាយ មិនបានទទួលភាពជោគជ័យក្តី ប៉ុន្តែកាលពីដើមខែសីហា ឆ្នាំ ២០២៤ នេះ យុវជន Kim Sanker ដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតអុក «CHECCKMATE 2»សម្រាប់ U16 នៅប្រទេសថៃ។
ដោយឡែក ក្រោយពីទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខ ១ នៃការប្រកួតអុក «CHECCKMATE 2» សម្រាប់ U16 នៅប្រទេសថៃ ហើយនោះ យុវជន Kim Sanker នឹងត្រៀមក្លាយទៅជាកីឡាករអុកកម្ពុជាវ័យក្មេងចូលរួមក្នុងការប្រកួតអុក «Asian Rapid Chess Team Championship 2024» នៅឯទីក្រុង Hong Kong។
ក្នុងនោះ ការប្រកួតអុក «Asian Rapid Chess Team Championship 2024» នៅឯទីក្រុង Hong Kong ដែលក្មួយប្រុសរបស់លោកសាយ នឹងចូលរួមត្រូវបានរៀបចំចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤៕